(ភ្នំពេញ)៖ ម្សិលមិញមានមិត្តអ្នកអានរបស់ Fresh News ដែលមានផ្ទះរស់នៅម្ដុំប៉ុស្ដិ៍នគរបាលបឹងកក់១ ខាងក្រោយភូមិគ្រឹះនាយឧត្តមសេនីយ៍ មាស សុភា បានទូរស័ព្ទមកសូមឲ្យនាយខ្វែកជួយខ្សឹបជម្រាបជូនទៅមន្ត្រីសំណង់ និងមន្ត្រីអាជ្ញាធរខណ្ឌទួលគោក មេត្តាជួយបើកផ្នែកចុះទៅមើលសំណង់មួយកន្លែង ដែលកំពុងសាងសង់នៅជាប់ទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកក់១ផង តើការដ្ឋានសំណង់នេះសង់ត្រឹមត្រូវតាមច្បាប់ឬអត់?
បានជាប្រជាពលរដ្ឋទូរស័ព្ទមកពឹងអោយជួយផ្សាយដូច្នេះ ព្រោះតែកន្លងមកឲ្យតែពួកគាត់ធ្វើការជួសជុលផ្ទះ ធ្វើរបង ឬសាងសង់សំណង់មិនរឹងមាំក្នុងទ្រុងទ្រាយតូចតាចសោះ គឺច្បាស់ជាមានមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ មានអាជ្ញាធរផង មានខាងសំណង់ផង ចុះមកសួរនាំសួររកច្បាប់ទំលាប់ បើគ្មានច្បាប់ទេច្បាស់ជាចេញលិខិតហាមឃាត់ ទាល់តែទៅស៊ីសសុះហុចស្រោមសំបុត្រមានតាស្រម៉ូមទៅតាមការកំណត់ ទើបអាចសាងសង់បានតទៅទៀត បើមិនដូច្នេះទេទុកសំណង់ឲ្យនៅមេម៉ាយជាមិនខាន។ ប៉ុន្តែពួកគាត់បែរជាឃើញសំណង់ទ្រុងទ្រាយធំមួយ ដែលគេធ្វើការសាងសង់នៅតាមបណ្ដោយផ្លូវលេខ៥២៨ កែង៣៣៥ ជាប់ទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកក់១ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក មិនដឹងថាសំណង់នេះមានច្បាប់ឬអត់នោះទេ តែការសាងសង់ធ្នឹមសសរ ហាក់ដូចជាលយចេញមកក្រៅ ខុសពីលក្ខណៈបច្ចេកទេសនៃច្បាប់សំណង់ទូទៅ។
ប្រជាពលរដ្ឋដែលជាមិត្តអ្នកអានបានលើកឡើងថា ពួកគាត់មិនហ៊ានធ្វើការចោទប្រកាន់ថាការដ្ឋានសំណង់ខាងលើអត់ច្បាប់នោះទេ គ្រាន់តែពួកគាត់មើលទៅតាមច្បាប់សំណង់ គឺសំណង់ខាងលើហាក់ដូចជា សង់លយចេញមកលើដីចំណីផ្លូវសាធារណៈខុសពីលក្ខណៈបច្ចេកទេសនៃសំណង់។ ដូច្នេះសូមខាងសំណង់ ឬអភិបាលខណ្ឌទួលគោក មេត្តាជួយចុះទៅត្រួតពិនិត្យមើលផង ថាតើសំណង់ខាងលើមានច្បាប់ និងសាងសង់ត្រឹមត្រូវតាមច្បាប់អនុញ្ញាតដែលឬអត់? ព្រោះថ្មីៗនេះអ្នកជិតខាងធ្លាប់បានឃើញមន្ត្រីពីរបីនាក់ចុះទៅអើតឡើមៗ ហើយទំនងទទួលបានស្រោមសំបុត្រក៏មិនដឹង ក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ៕