(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ទទួលបានជំនួយឧបត្ថម្ភមួយចំនួនពីសហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation ដែលជាសហគ្រាសផលិតទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពិធីប្រគល់ទទួលជំនួយឧបត្ថម្ភនេះធ្វើឡើងក្រោមវត្តមានលោកស្រី ហេង ពិសី អគ្គនាយិកាក្រុមហ៊ុន Leisure Asia Corporation និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្មរបស់ក្រុមហ៊ុន រួមនឹងតំណាងក្រសួងសុខាភិបាល នៅទីតាំងអតីតសណ្ឋាគារ Inter Continental រាជធានីភ្នំពេញ។
តំណាងក្រសួងសុខាភិបាលបានសម្តែងនូវការកោតសរសើរខ្ពស់ដល់ក្រុមហ៊ុន ដែលបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩។
លោកស្រី ហេង ពិសី បានសម្តែងនូវអំណរគុណយ៉ាងក្រៃលែងដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ជាពិសេសក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។
នាឱកាសនោះ ក្រុមហ៊ុន Leisure Asia Corporation បានចូលរួមឧបត្ថម្ភដល់ក្រសួងសុខាភិបាលនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ដើម្បីប្រើប្រាស់តាមការចាំបាច់ ក្នុងការចូលរួមបង្ការទប់ស្កាត់នៃជំងឺ និងមេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ រួមមាន៖
* ប្រភេទ ៣០លីត្រ ចំនួន ១០០កាន
* ប្រភេទ ៥លីត្រ ចំនួន ១០កេស ស្មើនឹង ៦០កាន
* ប្រភេទ ១លីត្រ ចំនួន ១០កេស ស្មើនឹង ២៤០កាន
* ប្រភេទ ៥០០មីលីលីត្រ ចំនួន ២០កេស ស្មើនឹង ៤៨០ដប
* ប្រភេទ ១០០ មីលីលីត្រ ចំនួន ២០កេស ស្មើនឹង ៩៦០ដប។
សូមបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក Ebiodis ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជារុស្ស៉ី ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសរុស្ស៊ី ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ជាផលិតផលធម្មជាតិ (organic) ងាយស្រួលប្រើ មានក្លិនធម្មជាតិ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ២០-៣០វិនាទី ដោយអាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ម៉ាស់ ដៃ ជើង ស្បែកជើង សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ របស់ក្មេងលេងនៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារៈនៅតាមទីតាំងផ្សេងៗទៀត ក្នុងនោះរួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ។
Ebiodis បានឆ្លងកាត់តេស្តប្រសិទ្ធភាពនៅមន្ទីរពិសោធន៍ជាតិសុខាភិបាលកម្ពុជា និងមន្ទីរពិសោធន៍ Central Laboratory នៅទីក្រុងបាងកក ប្រទេសថៃ ដោយប្រើប្រាស់វិធីសាស្រ្តបណ្តុះបាក់តេរី និងសម្លាប់បាក់តេរីដោយ Ebiodis (Microbiological Tests និងMicro Bacteria Culture)។
បច្ចុប្បន្ននេះ ផលិតផល Ebiodis ត្រូវបានប្រើប្រាស់នៅបណ្តាធនាគារ សាលារៀន គ្លីនិក ក្រុមហ៊ុនឯកជន គេហដ្ឋាន ផ្សារ កសិដ្ឋាន និងកន្លែងផ្សេងៗជាច្រើនទៀត៕