(ភ្នំពេញ)៖ លោកជំទាវ កុយ ពិសី គឺជាស្ត្រីខ្មែរ១រូប ដែលបានចំណាយពេលវេលាជាង២០ឆ្នាំ ពោលគឺស្ទើតែពាក់កណ្តាលជីវិត លើកិច្ចការព្រំដែនកម្ពុជា។ លោកជំទាវបានចាប់ផ្ដើមបេសកកម្ម បានចាប់ផ្តើមតាំងពីដើមឆ្នាំ១៩៩៦។ គិតមកដល់ពេលនេះ មានប្រមាណជាង២០ឆ្នាំហើយ ដែលលោកជំទាវបានខិតខំបំពេញកិច្ចការបម្រើជាតិមាតុភូមិលើវិស័យកិច្ចការព្រំដែន។
បច្ចុប្បន្នលោកជំទាវ កុយ ពិសី មានតួនាទីជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ មិនតែប៉ុណ្ណោះលោកជំទាវ ក៏អ្នកក្រុមការងារចុះពង្រឹងមូលដ្ឋានគណៈប្រជាជនកម្ពុជា នៅក្នុងខេត្តចចំនួន២ផងដែរ គឺខេត្តកំពង់ធំ និងខេត្តតាកែវ។
លោកជំទាវជាស្រ្តីខ្មែរមួយរូប ដែលតែងតែចូលតុចរចាអំពីកិច្ចការងារព្រំដែន ជាមួយប្រទេសប្រទេសក្បែខាង នៅក្នុងចំណោមបុរសដែលសុទ្ធសឹងតែបញ្ញាវ័ន ហើយសុទ្ធតែមានឆន្ទៈក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។ ជាស្រ្តីដែលពោពេញដោយថាមពល មួយរូបលោកជំទាវបានបំពេញកិច្ចការងារព្រំដែននេះ អស់រយៈពេលជាងពាក់កណ្ដាលជីវិតរបស់លោកជំទាវ ដើម្បីបំពេញនូវទំនុកចិត្តដែលប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ឲ្យ។
រាល់កិច្ចការព្រំដែន មិនថានៅលើតុចចារ ឬនៅតាមបង្គោលព្រំដែនប្រទេសទេ គេតែងតែសង្កេតឃើញវត្តមានលោកជំទាវ កុយ ពិសី និងក្រុមការងារជានិច្ច ហើយវត្តមានរបស់លោកជំទាវ គឺជានិច្ចកាល ស្ថិតក្នុងចំណោមបុរសៗ ដែលជាមន្ត្រីរាជការស៊ីវិលផង ជានគរបាលផង ជាកងទ័ពផង និងជាអាជ្ញាធរដែនដីផងដែរ។
ក្នុងនាមជាស្រ្តីខ្មែរមួយរូប ដែលបំពេញការងារលើផ្នែកដែលកម្រមានស្រ្តីមានឱកាសធ្វើ លោកជំទាវ បានលើកឡើងថា «ខ្ញុំចង់ឃើញស្រ្តីខ្មែរទទួលបានឱកាសពី រដ្ឋាភិបាលបន្ថែមទៀត ដើម្បីអាចចូលរួមជួយកិច្ចការងារប្រទេសជាតិ បន្ថែមលើនេះស្រ្តីក៏គួរមានសមត្ថភាពពិតប្រាកដ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព និងអាចធ្វើឲ្យបុរសមើល ក៏ដូចជាថ្នាក់ដឹកនាំមើលឃើញថា ស្រ្តីក៏អាចបំពេញការងារបានល្អដូច ឬលើសបុរសថែមទៀត»៕