(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី ដែលទើបនឹងបោះឆ្នោត ជ្រើសតាំងជាថ្មីកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានថ្លែងពញ្ញាក់អារម្មណ៍យុវជនថា សង្រ្គាម ឬ វិវាទ អាចកើតឡើងជាថ្មី ដោយសារយុវជនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និង មិនឲ្យតម្លៃ។
នៅក្នុងសេចក្តីប្រកាសរួមរបស់ក្រុមប្រឹក្សាយុវជនអាស៊ី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ានី បានថ្លែងថា «សន្តិភាពមិនគួរត្រូវបានមើលរំលង ឬមិនយកចិត្តទុកដាក់នោះទេ។ ហានិភ័យខ្ពស់ បំផុតសម្រាប់ សង្រ្គាម ឬ វិវាទ អាចកើតឡើងជាថ្មី ដោយសារយុវជនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និង មិនឲ្យតម្លៃ។ ក្នុងន័យនេះ សន្តិភាព និងប្រជាធិបតេយ្យ គួរតែត្រូវបានពិភាក្សាជាមួយគ្នា ពោលគឺវាមិនមែនជារឿង ដែលត្រូវជ្រើស រើសមួយ និងចោលមួយឡើយ ខណៈដែលសុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកជាអាទិភាពចម្បងសម្រាប់សង្គមជាតិ នីមួយៗ»។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនអាស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាតំណាងសំឡេងយុវជនអាស៊ីតែមួយ នៅក្នុងឆាកអន្តរជាតិ ក្នុងការទាក់ទាញមតិគាំទ្រ ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាព សង្គម និងវិបុលភាពរួម។
ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និង ទប់ស្កាត់នូវវិវាទ នៅក្នុងតំបន់ ក៏ដូចជាឆាកអន្តរជាតិ ក្រុមយុវជនក្នុងតំបន់អាស៊ី ដែលមានឈ្មោះថា ក្រុម ប្រឹក្សាយុវជនអាស៊ី (AYC) នោះ បាននិងកំពុងធ្វើសន្និបាតប្រចាំឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែ កុម្ភៈ ដោយមានការអញ្ជើញចូលរួមបើកដោយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សន្និបាតនេះ ក្រុមយុវជននឹងបើកការពិភាក្សាផ្តោតជាសំខាន់ទៅលើប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូ ក្នុងតំបន់ ឆ្ពោះទៅរកគោលដៅ អភិវដ្ឍប្រកបដោយចីរភាព»។ ប្រធានបទនេះ ឆ្លើយតបរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០ ៣០ ដែលបានអនុម័តដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានប្រទេសចំនួន ១៩៣ចូលរួម។
សូមបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាយុវជនអាស៊ី គឺជាអង្គការយុវជនតំបន់ក្រៅរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងកាលពីថៃ្ងទី១៤ ខែ សីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្តល់វេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី មានគោលបំណងដូចគ្នាក្នុងការអភិវ ឌ្ឍសេដ្ឋកិច្ច និង សង្គម។ សមាជិកភាពរបស់ក្រុមប្រឹក្សាយុវជនអាស៊ី រួមមានអង្គការយុវជនជាតិ ដែលទទួលស្គាល់ដោយរដ្ឋាភិបាល របស់ខ្លួន៕