(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ ក្នុងនោះអ្នកឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ចំនួន៣១នាក់ និងអ្នកឆ្លង៣នាក់ផ្សេងទៀត ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។
នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺ១៩នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ១៩ចំនួន៣៤នាក់នោះ មាន៣នាក់ធ្វើដំណើរមកពីក្រៅប្រទេស ដែលពួកគាត់ជាជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ធ្វើដំណើរមកពីប្រទេសអាហ្វ្រិក។ ចំណែកអ្នកឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ចំនួន៣១នាក់ ក្នុងនោះជនជាតិចិន២១នាក់ ជនជាតិខ្មែរ ៩នាក់ និងជនជាតិវៀតណាមម្នាក់។
ចំណែកអ្នកជាសះស្បើយទាំង១៩នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈវិញ គឺមានជនជាតិចិន១៦នាក់ និងជនជាតិខ្មែរ២នាក់ និងវៀតណាមម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ៥១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៧៦នាក់៕