(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ៥៤ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលប្រតិបត្តិការនេះកម្លាំងអាវុធហត្ថចាប់បានជនសង្ស័យ ២នាក់។

លោក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ុល បញ្ញ ហៅអាចៅ អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីឈ្មោះ ធិ ធា ហៅអាបឿន អាយុ២៩ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ។

បើតាមលោក ជឹម ឫទ្ធី ក្រោយចាប់ខ្លួនជនសង្ស័យទាំង ២នាក់ កម្លាំងរបស់លោកបានដកហូតម្សៅក្រាមពណ៌ស ២កញ្ចប់តូច ដបសម្រាប់ជក់១ ថង់សម្រាប់ច្រកថ្នាំមួយចំនួន ដែកកេះ៣ ទូរស័ព្ទ១គ្រឿង និងម៉ូតូមួយគ្រឿងម៉ាក TTX ពណ៌ត្រេអី ស្លាកលេខ បាត់ដំបង 1L-0005។

ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕