(សៀមរាប)៖ អគ្គិភ័យមួយបានឆាបឆេះ ភោជនីយដ្ឋាន ហ្គាយ៉ា របស់ជនជាតិកូរ៉េ នៅជិតភ្លើងស្តុបសាលារៀនគ្រួស មូលហេតុគឺបណ្ដាលលមកពីជាងផ្សាដំបូល។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១៣៖០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
លោកវរសេនីយឯក មាស សាន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News ពីកន្លែងកើតហេតុ នារសៀលនេះមកថា ថ្ងៃនេះមានអគ្គិភ័យមួយបានឆាបឆេះភោជនីយដ្ឋាន ហ្គាយ៉ា របស់ជនជាតិកូរ៉េ នៅជិតភ្លើងស្តុប សាលារៀនគ្រួស ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មូលហេតុគឺបណ្ដាលលមកពីជាងផ្សាដំបូល ។
លោកបានបញ្ជាក់ថា អគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណជា ១៤៖៣០នាទីថ្ងៃដដែលនេះ បន្ទាប់ពីមានការជួយអន្តរាគមន៍ពន្លត់ របស់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ២គ្រឿង និងរថយន្ដរបស់ក្រុមពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តសៀមរាប ២គ្រឿង ដែលប្រើប្រាស់ទឹកអស់ ៣រថយន្ដ រួមនិងការជួយពន្លត់ពីប្រពលរដ្ឋ។
គួរបញ្ជាក់ថា ការឆេះនេះមិនមានការខូចខាតូបធំដុំ គ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ៕