(កំពង់ឆ្នាំង)៖ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រាប់ប្រជាពលរដ្ឋកុំចាញ់បោកបុគ្គលមួយចំនួន ទៅទិញដីឡូតិ៍នៅភូមិម៉ុងបារាំង សង្កាត់ឃ្លេរ ក្រុងកំពង់ឆ្នាំង ព្រោះដីនោះជាដីរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋបាលខេត្ត ដែលត្រូវបានជនខិលខូចយកឯកសារខុសច្បាប់ ទៅប្រើប្រាស់ដើម្បីរំលោភយក។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ បានឲ្យដឹងថា តាមឯកសារដែលប្រមូលបាន បុគ្គលល្មើសបានប្រើប្រាស់កលល្បិចឲ្យចូលភាគហ៊ុនជាថ្នូរទទួលបានដីនេះ ហើយក្នុងករណីនេះក៏មានប្រជាពលរដ្ឋមួយចំនួនតូច បានភាន់ច្រឡំចូលរួមផងដែរ។
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សូមបញ្ជាក់ជូនប្រជាពលរដ្ឋថា៖
*ទី១៖ សូមកុំភាន់ច្រឡំធ្វើតាមកលល្បិចភូតកុហក និងកុំទិញដីនេះដែលធ្វើឲ្យមានការខាតបង់ប្រាក់កាស និងខុសច្បាប់
*ទី២៖ អង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្ត បានចាត់វិធានការស្របតាមនីតិវិធី ដើម្បីគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អ ស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់លើ
*ទី៣៖ ក្នុងករណីមានប្រជាពលរដ្ឋភាន់ច្រឡំ និងបានទិញដីនេះ សូមយកឯកសារពាក់ព័ន្ធមកបង្ហាញដល់អង្គភាព គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សាលាខេត្ត រាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ការងារត្រូវបានបញ្ចប់ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានពិនិត្យដោះស្រាយតាមច្បាប់។
ក្នុងករណីប្រជាពលរដ្ឋមិនបានបង្ហាញឯកសារពាក់ព័ន្ធទាន់ពេលវេលា ពេលកម្លាំងសមត្ថកិច្ចរកឃើញ ប្រជាពលរដ្ឋអាចក្លាយជាអ្នកឃុបឃិត បំផ្លាញទ្រព្យសម្បត្តិរដ្ឋទៅវិញក៏ថាបាន៕