(ក្រចេះ)៖ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីដឹកនាំក្រសួង មន្ទីរ និងអស់លោក លោកស្រី ជាអភិបាលស្រុក មេឃុំ ព្រមទាំងមន្ត្រីមូលដ្ឋានភូមិ ឃុំមួយចំនួនទៀត បានចុះទៅសាកសួរសុខទុក្ខលោកយាយ លោកតាចាស់ៗដែលមានជីវភាពលំបាកខ្វះខាត។
ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តមុនីពោធិរុក្ខារាម ហៅវត្តដង្ហិត ដោយមានអ្នកចូលរួមចំនួន ៥៤នាក់ មកពីភូមិចំនួន៤ ក្នុងឃុំដំរីផុង ស្រុកឆ្លូង គឺភូមិដង្ហិត ភូមិប្រឡាយទ្រៀក ភូមិក្រូច និងភូមិ២៧សែនជ័យ។
បន្ទាប់ពីការសាកសួរព័ត៌មានផ្សេងៗ ការផ្លាស់ប្តូរមតិយោបល់ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិលើកទឹកចិត្តកំលាំងសាមគ្គីភាពក្នុងមូលដ្ឋានភូមិ ឃុំដែលជាគ្រឹះនៃសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។
លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យពង្រឹងជំនឿជាក់មុតមាំលើមគ្គុទ្ទេសភាពប្រកបដោយបញ្ញាញ្ញាណដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រយុទ្ធពុះពារដោះស្រាយបានរាល់ផលប៉ះពាល់ពីកូវីដ១៩ ដើម្បីបុព្វហេតុសុខសន្តិភាព សុខុមាលភាព វិបុលភាព និងវឌ្ឍនភាពរបស់ប្រទេសជាតិ និងប្រជាជនយើងជាដរាបតរៀងទៅ៕