(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទទួលបានសាច់មាន់១ក្បាល ដែលមានទម្ងន់ និងអង្ករចំនួន២០គីឡូក្រាម ក្នុង១គ្រួសារ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអមដំណើរដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងភរិយា ព្រមទាំងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។
លោក ឃួង ស្រេង បានចុះចែកនៅភូមិជង្រុកចំនួន៣០គ្រួសារ ហើយបន្ទាប់មកលោក ហែម ដារិទ្ធ តំណាងឲ្យអភិបាល បន្តចុះចែកជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ចំនួន១៥គ្រួសារទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសម្តេចតេជោ បានឧបត្ថម្ភស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយអំណោយជាស្បៀងអាហារទាំងនេះផ្តល់ជូន ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំ ក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។
លោកអភិបាលរាជធានីភ្នំពេញ បន្តថា រដ្ឋបាលក៏មានគោលការណ៍ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនរៀលក្នុង១ថ្ងៃ រយៈពេល១៥ថ្ងៃ ជូនពលរដ្ឋធ្វើចត្តាឡីស័កដែលមានលក្ខណៈសម្បត្តិ ៤យ៉ាងផងដែរ។ លក្ខណៈសម្បត្តិ០៤ យ៉ាងនោះ រួមមាន៖ ជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ជាអ្នកដែលបានធ្វើតេស្តហើយលទ្ធផលអវិជ្ជមាន ជាអ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និងជាអ្នកដែលមានជីវភាពខ្វះខាត។
លោក ហែម ដារិទ្ធ បានបញ្ជាក់ថា ក្នុងចំនួនប្រជាពលរដ្ឋទាំង៤៥គ្រួសារនេះ ប្រជាពលរដ្នរស់នៅក្នុងភូមិជង្រុកចំនួន៣០គ្រួសារ និងប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញចំនួន១៥គ្រួសារ។ ពួកគាត់ជាប្រជាពលរដ្ឋ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកបន្តថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ មានមណ្ឌលចត្តាឡីស័កចំនួន៨ទីតាំងក្នុងនោះរួមមាន៖
*សណ្ឋាគារកាលីហ្វូញ៉ា១៤៦នាក់ស្រី៧៦នាក់
*សណ្ឋាគារសុីធីខមហ្វត ២១៦នាក់ស្រី៣៨នាក់
*ខុនដូ សូហូ១៣២នាក់ស្រី៣២នាក់
*សណ្ឋាគារម៉ាក្រូ១១០នាក់ស្រី២៣នាក់
*សាលាបឋមសិក្សាពោធិ៍ចិនតុង៧៣ ស្រី១៦នាក់
*ភោជនីយដ្ឋានជីនជន ៤៥នាក់ស្រី២៧នាក់
*ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង៥៧នាក់ ស្រី២៩នាក់
*ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង៦៨នាក់ ស្រី៣៧នាក់
អ្នកធ្វើចត្តាឡីស័កសរុប៨៥៧នាក់ ស្រី២៧៥នាក់ (មិនមានអ្នកឆ្លងកូវីដ១៩)។ មានកំម្លាំងនគរបាលការពារសណ្ឋាប់ធ្នាប់៧៤នាក់ ជាប់ជាប្រចាំ។
លោក ឃួង ស្រេង បានលើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញ ឬនៅតាមបណ្តាលខេត្តនោះទេ។
ជាក់ស្តែង សម្រាប់ពេលនេះដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័ក ទើបសម្តេចប្រគល់នូវអំណោយខាងលើនេះ។ ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងការអរគុណចំពោះបងប្អូនទាំងអស់ ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក និងសូមបងប្អូនរួចផុតពីការឆ្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា៕