(ភ្នំពេញ)៖ ក្រុមហ៊ុន Unicity ដែលគេស្គាល់ថា ជាក្រុមហ៊ុនលក់ផលិតផលអាហារបំប៉នសុខភាព បានអះអាងថា ក្រុមហ៊ុនមិនមានគោលការណ៍ឱ្យបុគ្គលិក ឬអ្នកចែកចាយផលិតផលរបស់ខ្លួនអួតអាង ឬបង្ហាញពីខ្ទង់ប្រាក់ចំណូល ដើម្បីការទាក់ទាញណាមួយនោះឡើយ។
ការបញ្ជាក់របស់ក្រុមហ៊ុន Unicity បានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធអ្នកចែកចាយផលិតផលមួយចំនួន បានប្រើយុទ្ធសាស្ត្រអូសទាញមនុស្សឱ្យចូលក្រុមខ្លួនតាមរយៈការអះអាងពីការទទួលបានចំណូលខ្ពស់ក្រោយចូលរួមវិនិយោគលក់ផលិតផល Unicity។
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ Fresh News បានទទួលការរាយការណ៍ពីអាណាព្យាបាលរបស់យុវជនពីររូបនៅខេត្តក្រចេះ ដោយអះអាងថា មានអ្នកចែកចាយផលិតផលម្នាក់ ទៅបញ្ចុះបញ្ចូល និងអូសទាញឱ្យកូនរបស់គាត់ខ្ចីលុយធនាគាររហូតដល់ជាង ៣ម៉ឺនដុល្លារ ដើម្បីមកវិនិយោគលើការលក់ផលិតផលបំប៉នសុខភាព Unicity។
បើតាមអាណាព្យាបាលរបស់យុវជននោះ បានបញ្ជាក់ថា អ្នកចែកចាយឈ្មោះ ស៊ុម ណារី បានធានាអះអាងប្រាប់កូនរបស់គាត់ថា ការវិនិយោគនឹងទទួលបានប្រាក់ចំណេញខ្ពស់ ហើយត្រឹមរយៈពេល ២០ថ្ងៃ អាចទទួលបានប្រាក់ជាភាគលាភរហូតដល់ទៅ ៧,៥០០ដុល្លារ។
អាណាព្យាបាលរបស់យុវជននេះ បន្តថា ការធានា និងអះអាងពីចំណូលខ្ពស់នាំឱ្យយុវជនពីររូបជាកូនរបស់គាត់ បានរំអុកឱ្យពួកគាត់យកប្លង់ផ្ទះ និងដី ទៅខ្ចីលុយពីធនាគារមកវិនិយោគ។
ក្នុងលិខិតជូនដំណឹងមួយរបស់ក្រុមហ៊ុន Unicity ផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា បុគ្គលគ្រប់រូបមិនត្រូវជឿលើពាក្យអះអាងបំភាន់ ឬការបំភាន់ដោយចេតនានៃប្រាក់ចំណូល ដែលធ្វើអាចធ្វើឡើងដោយអ្នកចែកចាយនោះឡើយ។
ក្រុមហ៊ុនបានបញ្ជាក់ថា ការបំភាន់ ឬអះអាងពីទំហំប្រាក់ចំណូលនេះ ត្រូវបានចាត់ទុកថាមិនគោរពគោលនយោបាយ និងនីតិវិធីផ្នែកទី៦ ទំព័រទី១៨ ប្រការ G នៃការទាមទារប្រាក់ចំណូល និងឱកាស។
បើតាមក្រុមហ៊ុនប្រការ G នេះ បានចែងថា «គ្មានពាក្យអះអាងដែលមិនសមហេតផល ឬបំភាន់ ឬបំភាន់ដោយចេតនាក្នុងការបង្ហាញប្រាក់ចំណូល ឬប្រាក់ចំណូលសក្តានុពលដែលអាចនឹងធ្វើឡើងដោយសមាជិកណាម្នាក់។ ការធានាលើប្រាក់ចំណូលគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ដូចជាការបង្ហាញមូលប្បទានប័ត្ររង្វាន់ពិត ឬថតចម្លង ឬរបាយការណ៍ប្រាក់ចំណូល។ តំណាងប្រាក់ចំណូលត្រូវតែមានភាពស្មោះត្រង់។ លើសពីនេះទៀត តំណាងប្រាក់ចំណូលត្រូវតែរាប់បញ្ចូលការបដិសេធដែលរង្វាន់អាចប្រែប្រួលអាស្រ័យលើកម្រិតនៃការខិតខំប្រឹងប្រែងគ្មានរង្វាន់ណាមួយត្រូវបានធានាឡើយ ហើយក៏គ្មានសមាជិកណាម្នាក់ត្រូវបានធានាឱ្យឈានដល់តំណែងជាក់លាក់ណាមួយឡើយ»។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុន Unicity បានរំលឹកដល់អ្នកចែកចាយរបស់ខ្លួនថា ក្នុងករណី Unicity ទទួលបានពាក្យបណ្តឹងណាមួយទាក់ទងនឹងបញ្ហាដែលបានលើកឡើងខាងលើ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការវិនិច្ឆ័យ និងការសម្រេចចិត្តដើម្បីកំណត់ថា តើសកម្មភាពរបស់អ្នកចែកចាយមានលក្ខណៈត្រឹមត្រូវ ឬយ៉ាងណា?
ក្រុមហ៊ុនបញ្ជាក់ទៀថា រាល់ការបំពាន ឬការរំលោភលើកិច្ចសន្យាអាចត្រូវបានចាត់ទុកថាគ្មានសីលធម៌ និងសមហេតុផល សម្រាប់សកម្មភាពវិន័យ រួមបញ្ចូលទាំងការបញ្ចប់កិច្ចសន្យា និងការកាត់ទោសតាមច្បាប់៕