(ភ្នំពេញ)៖ ក្រុមអ្នកច្បាប់មួយក្រុមបានរួមគ្នាចងក្រងឯកសារច្បាប់ជាច្រើនដាក់លើអនឡាញ ដែលផ្តល់ភាពងាយស្រួលក្នុងការទាញយកឯកសារច្បាប់ទាំងមកសិក្សាស្វែងយល់។ ឯកសារច្បាប់ទាំងនេះ ត្រូវបានដាក់ដំណើរការ និងបើកឱ្យទាញយកជាផ្លូវការនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះហើយ។
ដើម្បីចូលទៅទាញយក ឬអានរាល់ឯកសារច្បាប់ជាមួយ «បណ្ណាល័យតម្រាច្បាប់»នេះ គេអាចចូលទៅក្នុង App Store ឬ Play Store បន្ទាប់មកវាយពាក្យ «Legal Code Library» ដាក់នៅលើឧបករណ៍អេឡិចត្រូនិក គឺអាចអាន ទស្សនាវីដេអូ ឬទាញយកនូវឯកសារច្បាប់ជាច្រើន ដែលត្រូវបានរៀបចំ និងដាក់បញ្ចូលទៅក្នុងកម្មវិធី។
ការដាក់ឱ្យដំណើរការ «បណ្ណាល័យតម្រាច្បាប់» ដែលជាបណ្ណាល័យឌីជីថលនេះ គឺចំឱកាសគម្រប់ខួប ២ឆ្នាំ នៃការបង្កើតក្រុមហ៊ុនមេធាវីតម្រាច្បាប់។ លោកមេធាវី មួន សៀងលី ប្រធានក្រុមហ៊ុនមេធាវីតម្រាច្បាប់ បានឱ្យដឹងថា ការប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបណ្ណាល័យតម្រាច្បាប់ ដែលជាបណ្ណាល័យឌីជីថលនេះ ដើម្បីឲ្យសាធារណជនទាំងអស់ អាចទាញយកកម្មវិធីនោះយកទៅប្រាស់នៅលើទូរស័ព្ទដៃ ឬ Tablet របស់ខ្លួន បានដោយសេរី និងឥតគិតថ្លៃ។
លោកមេធាវី មួន សៀងលី បានបញ្ជាក់បន្ថែមទៀតថា បណ្ណាល័យតម្រាច្បាប់នេះ គឺជាកម្មវិធីដែលមានផ្ទុកនូវទិន្នន័យឯកសារច្បាប់ជាវីដេអូ និងជាប្រភេទឯកសារ PDF ដ៏ច្រើនសន្ធឹកសន្ធាប់។ លោកមេធាវី បន្តថា បន្ទាប់ពីទាញយកកម្មវិធី «បណ្ណាល័យតម្រាច្បាប់» ហើយនោះ លោកអ្នកនឹងក្លាយជាម្ចាស់បណ្ណាល័យច្បាប់មួយដ៏ធំ ដែលលោកអ្នកមានសិទ្ធិទាញយកឯកសារច្បាប់ទាំងអស់ ដើម្បីរក្សាទុក និងចែកចាយបានដោយសេរី សម្រាប់ធ្វើការស្វែងយល់ និងសិក្សាស្រាវជ្រាវបានយ៉ាងទូលំទូលាយ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមតម្រូវការ។
ក្រៅពីនេះ«បណ្ណាល័យតម្រាច្បាប់» នឹងតែងតែធ្វើការជូនដំណឹង និងផ្ញើជូនទៅកាន់លោកអ្នកនូវច្បាប់ថ្មីៗ និងឯកសារច្បាប់សំខាន់ៗ បន្ថែមទៀត ដើម្បីជាការជួយជំរុញឱ្យអ្នកប្រើប្រាស់បានអានជាប្រចាំ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងច្បាប់បានផងដែរ។
លោកមេធាវី មួន សៀងលី បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតនូវកម្មវិធីបណ្ណាល័យតម្រាច្បាប់នេះ គឺដើម្បីចូលរួមលើកស្ទួយវិស័យអំណាននៅកម្ពុជា និងជំរុញការផ្សព្វផ្សាយច្បាប់ឱ្យកាន់តែមានភាពទូលំទូលាយទៅដល់សាធារណជនទូទៅ ទាំងមន្រ្តីរាជការ និង ប្រជាពលរដ្ឋគ្រប់រូប ឱ្យបានចេះ និងបានដឹងអំពីច្បាប់គ្រប់ៗគ្នា ស្របតាមគោលការណ៍នីតិរដ្ឋ។ បន្ថែមពីលើនោះ ក៏អាចបង្កលក្ខណៈងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវអំពីច្បាប់ មន្ត្រីរាជការ និងសិស្ស-និស្សិត នៅក្នុងការសិក្សាស្រាវជ្រាវ ឱ្យមានប្រសិទ្ធភាព គុណភាព និង ភាពឆាប់រហ័សផងដែរ។
មួយវិញទៀត ការប្រើប្រាស់នូវបណ្ណាល័យឌីជីថលនេះ គឺជាការជួយសន្សំសំចៃនូវការបោះពុម្ពក្រដាសសៀវភៅ និង កាត់បន្ថយការសាងសង់សំណង់ការ្យផ្សេងៗ សម្រាប់ផ្ទុកនូវឯកសារ ស្របតាមយន្តការនៃការការពារបរិស្ថានកម្ពុជា ព្រមទាំងអាចជួយសម្រួលដល់ការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ស្របតាមកាលទេសៈ និងស្ថានភាពបច្ចុប្បន្ន នៅក្នុងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ៕
មិត្តអ្នកអានអាចចូលទាញយកកម្មវិធីបណ្ណាល័យតម្រាច្បាប់ តាមរយៈ LINK ខាងក្រោម៖
១៖ https://apps.apple.com/us/app/legal-code-library/id1547198602 (សម្រាប់ IOS)
២៖ https://play.google.com/store/apps/details?id=legalcode.nulo.co.jp (សម្រាប់ Android)