(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមក អង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ បានបញ្ចប់ទៅដោយជោគជ័យ និងប្រារព្ធពិធីបិទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរបរិស្ថាន រាជធានី-ខេត្តសរុបប្រមាណ ៧០០នាក់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខៀវ មុត បានថ្លែងថា គោលបំណងសំខាន់នៃការរៀបចំសន្និបាតនេះ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាព និងលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំកន្លងមក ស្វែងយល់អំពីការងារអាទិភាព បញ្ហាប្រឈមចំពោះមុខ និងវិធានការនានាសម្រាប់ដោះស្រាយបញ្ហាទាំងនោះ និងដើម្បីកំណត់ទិសដៅការងារ ដែលក្រសួងត្រូវបន្តអនុវត្តក្នុងឆ្នាំបន្ទាប់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏ជម្រាបជូនពីលទ្ធផលនៃអង្គសិក្ខាសាលាចំនួន ៥ប្រធានបទ ត្រូវបានប្រារព្ធធ្វើព្រមគ្នា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលទី១ គឺ «សិក្ខាសាលាស្តីពីចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន» គ្រាដែលសិក្ខាសាលានេះ មានប្រធានបទរងចំនួន៦ ដើម្បីធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងអភិបាលកិច្ចល្អ, ការធ្វើសេវាកម្ម ព័ត៌មានភូមិសាស្រ្ត, ការងារអប់រំបរិស្ថាន ដោយបញ្រ្ជាបការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត និងការលើកកម្ពស់តួនាទីព្រះសង្ឃ ក្នុងការបញ្រ្ជាបការអប់រំបរិស្ថាននៅតាមសហគមន៍ មូលដ្ឋាន, ការងារផ្សព្វផ្សាយព័ត៌មានបរិស្ថាន, ការផ្តល់រង្វាន់និងលើកទឹកចិត្ត ចំពោះការអនុវត្តកម្មវិធីមេត្រីភាពបរិស្ថាន ស្តង់ដាមេត្រីភាពបរិស្ថាន ការប្រឡងប្រណាំងប្រតិបត្តិបៃតង និងការងារវិមជ្ឈការមុខងារអប់រំ និងប្រសិទ្ធភាពការប្រើប្រាស់ធនធាន។
ចំណែកឯសិក្ខាសាលាទី២ «ស្តីពីកិច្ចគាំពារបរិស្ថាន» ដែលមានការធ្វើបទបង្ហាញអំពីស្ថានភាព បញ្ហាប្រឈម និងការស្វែងរកវិធានការ និងដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពខ្យល់សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកសាធារណៈ និងទឹកលូសាធារណៈ ទីប្រជុំជន ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងគម្រោងកាត់បន្ថយថង់ប្លាស្ទិក ការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ ការពង្រឹងការត្រួតពិនិត្យបញ្ហាបំពុលបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
ទន្ទឹមនឹងនេះសិក្ខាសាលាទី៣ «ស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ក៏មានរៀបចំធ្វើបទបង្ហាញស្តីពីការអភិរក្សជីវៈ ចម្រុះ និងអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌, ការគ្រប់គ្រងនិងអភិរក្សតំបន់ដីសើម និងអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍតំបន់ការពារធម្មជាតិ និងគ្រង់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ, ការធ្វើអធិការកិច្ច និងអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
ដោយឡែកសិក្ខាសាលាទី៤ «ស្តីពីការ អភិវឌ្ឍដោយចីរភាព» បានធ្វើបទបង្ហាញស្តីពីកំណែទម្រង់អភិបាលកិច្ចបរិស្ថាន, ការជំរុញសេដ្ឋ កិច្ចបៃតង ដើម្បីការអភិវឌ្ឍដោយចីរភាព, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, ការគ្រប់ គ្រងធនធានជីវៈចម្រុះ និងជីវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍដោយចីរភាព និងការស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរ ក្នុងព្រះរាជាណាចក្រកម្ពុជា និងសិក្ខាសាលាមួយទៀត ស្តីអំពី របាយការណ៍ត្រួតពិនិត្យលទ្ធផលការងារដ្ឋបាល ធនធានមនុស្ស ផែនការថវិកា ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារវិមជ្ឈការ និងវិសហមជ្ឈការ អធិការកិច្ច និងការងារសវនកម្មផ្ទៃក្នុង។
បន្ទាប់ពីស្តាប់របាយការណ៍នៃសិក្ខាសាលាទាំង៥រួចហើយ នាឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ ក្នុងការចូលរួមពិភាក្សា និងផ្តល់នូវគំនិតយោបល់ ដើម្បីធ្វើឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពថែមទៀត នៅក្នុងកិច្ចគាំពាបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់នូវគន្លឹះបន្ថែមទៀតដល់គ្រប់អង្គភាពចំណុះក្រសួង និងធ្វើការណែនាំផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ធ្វើយ៉ាងណាត្រូវចេះប្រែក្លាយខ្លួនឱ្យទៅជាអ្នករៀបចំ តាក់តែងនូវគោលនយោបាយ រៀបចំនូវផែនការយុទ្ធសាស្រ្ត ក៏ដូចជាការធ្វើលិខិតបទដ្ឋានគតិយុត្តិនានា ឱ្យត្រូវទៅនឹងបរិបទនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីសម្រេចបាននូវគោលដៅរួមលើការងារវិស័យបរិស្ថាន ក៏ដូចជាបម្រើដល់ ឧត្តមប្រយោជន៍ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល៕