(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបិទវេទិកាយុវជនអាស៊ីឆ្នាំ២០១៦ នៅថ្ងៃទី២៧ ខែកុម្ភៈ នាសណ្ឋាគារសុខាអូតែល ភ្នំពេញ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសគាំទ្រយុវជនក្នុងការថែរក្សាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ និងការទទួលបាននូវការអប់រំ សមត្ថភាព ចំណេះដឹង និងទទួលបាននូវការគាំទ្រដល់សកម្មភាពយុវជននៅក្នុងប្រទេស និងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិ។
នៅក្នុងវេទិកាយុវជនអាស៊ីឆ្នាំ២០១៦នោះដែរ បានជ្រើសរើស លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យធ្វើជាប្រធានយុវជនអាស៊ី ដើម្បីធ្វើជាតំណាងយុវជនអាស៊ី នៅគ្រប់វេទិកាសំខាន់នៃអង្គការសហប្រជាជាតិ។
នៅថ្ងៃទី២៧ ខែកុម្ភៈនេះ វេទិកាយុវជនអាស៊ីឆ្នាំនៅ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៏រួមផ្ញើទៅក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិ (ECOSOC) និងការិយាល័យបេសកកម្មជន នៃអគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពីយុវជន។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានបានលើកឡើងនៅក្នុងវេទិកាយុវជនអាស៊ីឆ្នាំ២០១៦នេះ ដោយគាំទ្រនូវសកម្មភាព នៃការគាំទ្រយុវជនក្នុងការថែរក្សាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា យុវជនបច្ចុប្បន្នអាចប្រឈមនឹងបញ្ហាជាច្រើន នៃដំណើរការប្រែប្រួលបច្ចេកវិទ្យាទំនើបៗនាសតវត្សទី២១នេះ គឺយុវជនត្រូវទទួលបានការអប់រំ ចំណេះដឹង ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលជាមូលដ្ឋានសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងការចូលរួលថែរក្សាសន្តិភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍន៍នៅក្នុងប្រទេស និងពិភពលោក ដែលតម្រូវឲ្យយុវជន ទាំងអស់មានចំណេះដឹង និងទទួលបានការងារធ្វើសមរម្យ ប្រកបដោយសមធម៌ ព្រោះការគាំទ្រយុវជនចូលរួមគ្រប់សកម្មភាពសង្គមនានា នាំមកនូវសារៈសំខាន់ណាស់សម្រាប់ការដឹកនាំប្រទេស។
លោក ហ៊ុយ វណ្ណៈ ជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមក្នុងពិធីបិទ វេទិកាយុវជនអាស៊ីឆ្នាំ២០១៦ បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី AYF លោក ហ៊ុន ម៉ានី មានលទ្ធភាពចូលរួម នៅវេទិកាកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ តំណាងឲ្យយុវជនអាស៊ី! នេះជាកិត្តិយសរបស់កម្ពុជា។ សូមចូលរួមអបអរសាទរចំពោះការជ្រើសតាំងលោក ហ៊ុន ម៉ានី ជាប្រធានសម្រាប់អាណត្តិថ្មីនេះ។
សូមជំរាបថា វេទិកាយុវជនអាស៊ីឆ្នាំ២០១៦នេះ គឺជាការដាស់ស្មារតីយុវជនទាំងអស់នៅក្នុងតំបន់ និងពិភពលោក ឲ្យមានការភ្ញាក់រលឹកហើយចូលរួមក្នុងបុព្វហេតុថែរក្សាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើនទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ និងពិភពលោក៕