(ភ្នំពេញ)៖ ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែម ចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖
១៖ ចំពោះភ្ញៀវទេសចរជាជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ស្របតាមខ្លឹមសារមាត្រា ៥០ និងមាត្រា ៦៨ នៃច្បាប់ស្តីពីទេសចរណ៍ បានចែងថា ទេសចរ ឬអ្នកដំណើរកម្សាន្តដែលប្រព្រឹត្តល្មើសនឹងមាត្រា ៥០ នៃច្បាប់នេះ អាចត្រូវលុបចោលទិដ្ឋាការទេសចរណ៍ ហើយបណ្ដេញចេញ ឬហាមឃាត់វត្តមានក្នុងតំបន់គោលដៅទេសចរណ៍នៃកម្ពុជា ក្នុងរយៈពេលកំណត់ណាមួយដែលមិនលើសពី ៥ ឆ្នាំ ឬជាអចិន្ត្រៃយ៍។
២៖ ចំពោះភ្ញៀវទេសចរជាជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
៣៖ ចំពោះទីតាំងអាជីវកម្មទេសចរណ៍ ត្រូវដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មក្នុងទីតាំង ស្របតាមខ្លឹមសារមាត្រា ៤៤ និងមាត្រា ៤៨ នៃច្បាប់ស្តីពីទេសចរណ៍។ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិដាក់ចេញនូវវិធានការអនុវត្តខាងលើនេះ ចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។
ទទួលបានសេចក្ដីណែនាំនេះ ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវរៀបចំ និងអនុវត្តតាមការណែនាំប្រកបដោយស្មារតីទទួលខុសត្រូវ៕