(កំពង់ចាម)៖ ក្រោយពីមានការជួយពន្យល់ណែនាំពីផលប៉ះពាល់ នៃការសម្លាប់សត្វឆ្កែ ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់អ្នកបរិភោគ និងការលើកទឹកចិត្ត ឱ្យចេះស្រលាញ់សត្វចិញ្ចឹម ពីសំណាក់បុគ្គលិក នៃអង្គការគាំពារសុខុមាលភាពសត្វពិភពលោក (FOUR PAWS) ជាមួយនឹងការផ្តល់ដើមទុនមួយចំនួនដើម្បីបង្កើតមុខរបរថ្មីនោះ ម្ចាស់ទីតាំងសត្តឃាតសត្វឆ្កែធំមួយនៅស្រុកស្គន់ ខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានភ្ញាក់រលឹក និងបានសន្យាប្តេជ្ញាចិត្តពេញមួយជីវិតឈប់មានការពាក់ព័ន្ធនឹងការជួញដូរសាច់សត្វឆ្កែម្តងទៀត និងសម្រេចចិត្តប្តូរមុខរទៅលក់គ្រឿងសំណង់ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារវិញ។
នៅក្នុងកំឡុងពេលចុះបិទទីតាំងនេះ អង្គការសុខុមាលភាពសត្វពិភពលោក បានជួយសង្គ្រោះសត្វឆ្កែ១៦ក្បាលបន្ថែមទៀត និងបានបញ្ជូនទៅឱ្យអង្គការ ដៃគូក្នុងស្រុករបស់ពួកគេ ហើយនិងកំពុងរៀបចំឱ្យគេយកទៅចិញ្ចឹមបន្តទៀត។ ម្ចាស់ទីតាំងសត្តឃាតនេះបានបញ្ជាក់ថា ចាប់តាំងពីបើកកន្លែងនេះនៅឆ្នាំ១៩៩៥ គាត់បានពន្លិចសត្វឆ្កែក្នុងទឹករហូតរាប់រយក្បាលក្នុងមួយថ្ងៃ និងបានផ្គត់ផ្គង់សាច់ឆៅដល់ភោជនីយដ្ឋានលក់សាច់ឆ្កែ។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ទីសត្តឃាតមួយនេះគឺជាកន្លែងដ៏គួរឱ្យភ្ញាក់ ផ្អើលបំផុតដែលមិនធ្លាប់បានជួបប្រទះ។ នៅពេលដែលបានរកឃើញអាងទឹកស៊ីម៉ងត៍ពីរជាន់ បានបញ្ជាក់យ៉ាងច្បាស់ថា កន្លែងសំលាប់សត្វនេះត្រូវបានរចនាឡើងសំរាប់តែសំលាប់សត្វ។
អតីតម្ចាស់ទីសត្តឃាតនេះ បានធានាដល់អង្គការ FOUR PAWS និងអាជ្ញាធរថា គាត់នឹងលែងចូលរួមក្នុងជួញដូរសាច់ឆ្កែទៀតហើយ។ អង្គការ FOUR PAWS កំពុងសម្របសម្រួលការផ្លាស់ប្តូរជីវិតរបស់គាត់ ពីកន្លែងសត្តឃាតទៅជាហាងទំនិញទូទៅ និងអាជីវកម្មសំណង់។
លោកស្រីបន្តថា សត្វឆ្កែសរុបចំនួន៧៧ក្បាលហើយ ត្រូវបានជួយសង្គ្រោះក្នុងរយៈពេលពីរសប្តាហ៍នេះ សត្វឆ្កែដែលជួយសង្គ្រោះទាំង ១៦ក្បាលឥឡូវនេះបានចូលរួមជាមួយឆ្កែចំនួន ៦១ក្បាលដែលត្រូវបាន ជួយសង្រ្គោះកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះ។ ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងស្រុករបស់ខ្លួនគឺ អង្គការសង្គ្រោះសត្វកម្ពុជា នៅភ្នំពេញ និង Paw Patrol Cambodia នៅខេត្តសៀមរាប អង្គការ FOUR PAW កំពុងផ្តល់ការថែទាំសុខភាព និងរៀបចំឆ្កែចំនួន ៧៧ក្បាល សម្រាប់ការ ទទួលចិញ្ចឹម ពីអ្នកស្រលាញ់សត្វ។
សូមបញ្ជាក់ថា មានប្រជាជនជាងមួយលាននាក់នៅទូទាំងពិភពលោក បានចុះហត្ថលេខាលើញត្តិរួចហើយ ដើម្បីបញ្ចប់ការជួញដូរដ៏ឃោរឃៅមួយនេះ។ អង្គការ FOUR PAWS គាំទ្រដល់អង្គការ និងសហគមន៍សុខុមាលភាពសត្វ ក្នុងមូលដ្ឋានជាមួយកម្មវិធីគ្រប់គ្រងចំនួនសត្វឆ្កែ និងឆ្មាប្រកបដោយចីរភាព។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ក្នុងការប្រឆាំងការជួញដូរនៅអាស៊ីអាគ្នេយ៍ផងដែរ៕