(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅក្នុងករណីសំណុំរឿង ៩ វិច្ឆិកា ឆ្លើយតបទៅនឹងការរិះគន់ និងចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ក្រុមអង្គការ និងស្ថាប័នមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងអង្គទូតមួយចំនួនផងដែរ។
ការចេញសេចក្តីថ្លែងការណ៍បែបនេះ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិជុំវិញការកាត់ទោសទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកចំនួន៨រូបទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ចំណែកក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមមានអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) ដែលបានអំពាវនាវឱ្យ រដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនោះឡើងវិញ និងធានាឱ្យគណបក្សនយោបាយទាំងអស់មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងជីវភាពនយោបាយ។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀតរួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
បើតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរៀបរាប់យ៉ាងដូច្នេះថា៖ «លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនោះទេ។ តែផ្ទុយទៅវិញ ការរិះគន់លើនីតិវិធី និងការសម្រេច របស់តុលាការដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះវាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ»។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ឱ្យដឹងថា ជាក់ស្តែងព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើងដោយអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេស ដែលដឹកនាំដោយឈ្មោះ សម រង្សី ធ្វើយុទ្ធនាការញុះញង់, ទី១៖ ឱ្យកងកម្លាំងប្រដាប់អាវុធលែងស្តាប់បញ្ជា និងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល, ទី២៖ បំផុស និងញុះញង់ឱ្យប្រជាជនទូទាំងប្រទេសក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និង៣៖ ប្រមូលថវិកាដើម្បីគាំទ្រដល់សកម្មភាពទាំងនេះ។ ហេតុដូចនេះផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបានបញ្ញត្តិ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
ក្រៅពីកាត់ទោស ទណ្ឌិត សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ ២០ឆ្នាំផងដែរ។ ទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖