(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងវរោកាសដ៏មហាឡោរិក ប្រកបដោយសេចក្ដីសោមនស្សរីករាយ ដែលនារីនៅកម្ពុជា និងទូទាំងសកលលោក ប្រារព្ធខួបលើកទី ១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ដ្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»។
នៅក្នុងសារថ្វាយព្រះពររបស់សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា «ជាបឋមយើងខ្ញុំ ជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាល និងមន្ដ្រី អ្នកស័្មគ្រចិត្ដ យុវជននៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយគោរពជូននូវ សព្ទសាធុការពរបវរសួស្ដី សិរីវឌ្ឍនៈគ្រប់ប្រការ ជូនចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អជានិច្ចនិរន្ដរ៍ ពលានុភាពមាំមួនខ្លាំងក្លា បញ្ញាភ្លឺថ្លា ត្រចេះត្រចង់ មានជន្មាទីឃាយុយឺនយូរ ដើម្បីសម្ដេចបន្ដដឹកនាំសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជាតរៀងទៅ»។
ក្នុងឱកាសដ៏មហាកិត្ដិយសនេះ «យើងខ្ញុំគ្រប់រូប សូមសម្ដែងនូវការគោរពកោតស្ងប់ស្ងែងអស់ពីដួងចិត្ដ ចំពោះគំរូវីរភាពដ៏ឧត្ដុងឧត្ដម របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន គឺជាឥស្សរជនជាតិដ៏ឆ្នើមបំផុត ដែលជានិច្ចកាល សម្ដេចតែងតែឈានមុខក្នុងការដឹកនាំសកម្មភាពមនុស្សធម៌ ការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ដ្រីក្លាយជាកម្លាំងជំរុញផ្នែកមនុស្សធម៌មិនអាចខ្វះបាន លើគ្រប់វិស័យនៅកម្ពុជា»។
ជាពិសេស ក្នុងបរិការណ៍កូវីដ១៩ ស្ដ្រីពិតជាមានតួនាទីដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ សំដៅរួចចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងគាំទ្រ ឱ្យមានសាមគ្គីភាពរួមទាំងបុរស ស្ដ្រី ពីគ្រប់មជ្ឈដ្ឋានដើម្បីវឌ្ឍនភាពសង្គម និងកិច្ចអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ តាមព្រះរាជលំអានដ៏ត្រចេះត្រចង់ និងព្រះវីរគំរូល្អផូរផង់ ដែលអង្គ ហ្លួងម៉ែជាម្ចាស់ ព្រះប្រធានកិត្ដិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្ថិតត្រួសត្រាយព្រះរាជមាគ៌ា ដ៏ទូលំទូលាយសំដៅជួយជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្ដរាយចំឡែកៗ។
សូមអានសារលិខិតជូនពរ របស់ សម្ដេចចៅហ្វាវំាង គង់ សំអុល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖