(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca នឹងត្រូវផ្តល់ ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ សូមអញ្ជើញទៅទទួលវ៉ាក់សាំងនេះដោយកន្លែងចាក់វ៉ាក់សាំងមាននៅតាមមន្ទីរពេទ្យខាងក្រោម៖

*មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*មន្ទីរពេទ្យព្រះអង្គឌួង
*មន្ទីរពេទ្យកុមារជាតិ
*នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត
*មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិតគេហដ្ឋានលោកអ្នកចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ ពី ៦០ឆ្នាំ ឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែកឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនដែលត្រូវទទួលបានវ៉ាក់សាំងទាំងនេះ សូមអញ្ជើញទៅចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន តាមរយៈការបង្ហាញអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យអាជ្ញាធរបានចុះឈ្មោះ និងបញ្ជូនឈ្មោះរបស់ពួកគេ ទៅចាក់នៅតាមទីតាំងដែលបានកំណត់។

សូមបញ្ជាក់ថា ក្រោយមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល សម្រាប់ក្រុមមនុស្សដែលត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង AstraZeneca បងប្អូនទាំងនោះ បាននាំគ្នាសម្រុកទៅចាក់នៅតាមមន្ទីររដ្ឋ ធ្វើឲ្យមានមនុស្សកកកុញ ដូច្នេះដើម្បីចៀសវាងការប្រជ្រៀតគ្នាបែបនេះ សូមបងប្អូនទៅទទួលយកវ៉ាក់សាំងនៅទីតាំងដែល ស្ថិតនៅក្បែររបស់ខ្លួនវិញដូចជាមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជាដើម៕