(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ដ្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»

នៅក្នុងសារថ្វាយព្រះពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទូលថ្វាយបញ្ជាក់ថា «ខ្ញុំម្ចាស់ ព្រមទាំសហការីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្ដី សិរីវឌ្ឍនៈជាអនេកប្បការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពស្រឡាញ់ ស្មើជីវិត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អជានិច្ចនិរន្ដរ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីសម្ដេចម៉ែ ស្ដេចគង់ប្រថាប់ជាម្លប់អម្រិតត្រជាក់ត្រជំ ដល់នាងខ្ញុំម្ចាស់ទូលព្រះបង្គំ រួមទាំងប្រជាពលរដ្ឋរបស់ព្រះអង្គគ្រប់រូប ជ្រកក្រោនប្រកបដោយក្ដីសុខដុមរមនាជាភិយ្យោភាពតរៀងទៅ»

ក្នុងអភិលក្ខិតសម័យដ៏មហាថ្លៃថ្លានេះ «នាងខ្ញុំម្ចាស់ សូមព្រះបរមរាជនុញ្ញាតថ្វាយនូវព្រះកតញ្ញុកតវេទិតាធម៌យ៉ាងធំធេង ចំពោះព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានថ្វាយព្រះរាជតម្រិះគាំទ្រប្រធានបទ នៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២១ ផ្ដោតជាសំខាន់លើគុណតម្លៃស្ដ្រី លើកទឹកចិត្ដឱ្យមានការចូលរួមយ៉ាងសកម្មរបស់ស្ដ្រី ក្នុងគោលបំណងរំលេចពីតម្លៃ ក្នុងការអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ជាពិសេស ក្នុងបរិការណ៍កូវីដ-១៩ ស្ដ្រីមានតួនាទីយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមចំណែកទាំងបុរស និងស្ដ្រី ពីគ្រប់ស្ថាប័ន ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤»

លើសពីនោះទៀត សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ថិតក្នុងព្រះមហាកិត្ដិនាម ជាព្រះប្រធានកិត្ដិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្ដេចតែងបានប្រោសព្រះរាជទាននូវអភិរម្យវិសេសវិសាល គឺព្រះរាជលំអានមនុស្សធម៌ ព្រះវីរគំរូល្អឆ្នើម ប្រកបដោយសង្គហធម៌ជ្រាលជ្រៅ ជាអតិបរមា ជួយជនរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ គ្រប់កាលៈទេស ដែលជាបុព្វបទនៃជោគជ័យរបស់កាកបាទក្រហមកម្ពុជា គួរជាទីមោទកភាពដ៏ក្រៃលែង៕

សូមអានសារថ្វាយព្រះពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖