(កំពង់ឆ្នាំង)៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង នៅវេលាថ្ងៃត្រង់ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊ីទែនដឹកប្រេង ចូលមកផ្ទេរប្រេងចូលស៊ីទែនក្នុងស្ថានីយ ពេលនោះក៏មានអណ្តាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់។
លោក លុយ ឌីណា នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគ្គិភ័យនេះមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងខូចខាតទ្រព្យសម្បត្តិធំដុំនោះឡើយ ដោយខាងស្ថានីយមានបំពង់ពន្លត់អគ្គិភ័យសង្គ្រោះបឋម និងបំពង់ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បាញ់អស់ចំនួន១០បំពង់ និងមានការអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញជួយបាញ់ពន្លត់ទាន់ពេលវេលាអស់ចំនួន ២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការបានធ្វើអោយអគ្គិភ័យរលត់ទាំងស្រុង។
ដើមហេតុនៃអគ្គីភ័យខាងលើនេះ លោក លុយ ឌីណា បានបញ្ជាក់ថា ដោយរថយន្តដឹកស៊ីតែនប្រេង ក្នុងនោះមានពីរផ្នែកខុសគ្នា ដោយក្នុងនោះមានទុយោប្រេងសាំង និងទុយោប្រេងម៉ាស៊ូត ពេលផ្ទេរសាំងចេញពីស៊ីទែនរួចសារទុយោទុក ក៏មានអណ្តាតភ្លើងឆាបចេះតែម្តង។ ករណីនេះមិនទាន់អាចសន្និដ្ឋានថា បណ្តាលមកពីអ្វីនៅឡើយទេ ដោយទី១ អាចបណ្តាលមកពីភ្លើងចង្ក្រានដែលនៅក្បែរនោះដោយហេតុថា ចំហាយប្រេងក្នុងចំងាយ២៥ម៉ែត្របួនជ្រុង ក៏អាចបណ្តាលឲ្យឆាបឆេះដែរ ឬអាចមកពីឆ្លងចរន្តអគ្គិសនីពីកង្ហារ ឬឧបករណ៍បូមប្រេងឬរថយន្ត៕