(ភ្នំពេញ)៖ ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងចំពោះគូស្វាមីភរិយាខ្មែរ-ឥស្លាមមួយគូ ដែលបាននិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ព្រោះតែជារឿងកម្រ និងបង្ហាញនូវភាពសុខសាន្តនៃការប្រណិប័តន៍សាសនាក្នុងសង្គមខ្មែរ។
លោក ឆន វិបុល អនុប្រធានការិយាល័យ កិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់ និងសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ ដែលបានដឹងរឿងនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គូស្វាមីខ្មែរ-ឥស្លាម ដែលបានធ្វើរឿងដ៏ភ្ញាក់ផ្អើល និងនាំដល់ការចាប់អារម្មណ៍ខ្លាំងនេះ កូនកំលោះឈ្មោះ ស្លេះ ស្លី និងកូនក្រមុំឈ្មោះ អា ហ្សីហ្សះ រស់នៅក្នុងភូមិ១៣ក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមលោក វិបុល ពិធីរៀបអាពាហ៍ពិពាហ៍ខាងលើនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
លោក ឆន វិបុល បានបញ្ជាក់ថា ការនិមន្តព្រះសង្ឃមកសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យថ្ងៃរៀបអាពាហ៍ពិពាហ៍ក្នុងគ្រួសារខ្មែរ-ឥស្លាមបែបនេះ មិនធ្លាប់កើតមាននោះឡើយក្នុងឃុំកោះសូទិន។
លោក ឆន វិបុល បានលើកឡើងថា ការឈានដល់មានការនិមន្តព្រះសង្ឃមកសូត្រមនក្នុងពិធីមង្គលការរបស់ខ្មែរ-ឥស្លាមបែបនេះ ដោយសារតែព្រះសង្ឃនៅក្នុងឃុំនោះ ជាពិសេសព្រះតេជគុណ ហេង ហឿង តែងមានទំនាក់ទំនង និងការប្រាស្រ័យទាក់ទងល្អជាមួយខ្មែរ-ឥស្លាម។ បន្ថែមពីលើនោះ កូនក្រមុំខ្មែរ-ឥស្លាម ដែលរៀបអាពាហ៍ពិពាហ៍ត្រូវកូនធម៌របស់ព្រះអង្គថែមទៀតផង។
លោក ឆន វិបុល បានឱ្យដឹងបន្ថែមទៀតថា ការដែលគូស្វាមីភរិយាខ្មែរ-ឥស្លាមរូបនេះ និមន្តព្រះសង្ឃឆាន់ចង្ហាន់ និងសូត្រមន្តនេះ ក៏មិនមានការជំទាស់ ឬទោមនស្សពីសំណាក់ថ្នាក់ដឹកនាំសាសនា ចាស់ព្រឹទ្ធាចារ្យខ្មែរ-ឥស្លាម ក្នុងភូមិអ្វីនោះដែរ។
រូបភាពបង្ហាញពីការឆាន់ចង្ហាន់ និងសូត្រមន្តប្រសិទ្ធពរជ័យក្នុងពិធីមង្គលការរបស់ខ្មែរ-ឥស្លាម ដែលមានជំនឿសាសនាផ្សេងគ្នានោះ គឺជារឿងកម្រណាស់ ដែលជាហេតុនាំឱ្យមានការចាប់អារម្មណ៍ខ្លាំងលើរឿងនេះ។
ទាំងនៅក្នុងតំបន់ និងលើពិភពលោកនាពេលបច្ចុប្បន្ននេះ វិវាទនៃអ្នកប្រណិប័តន៍ និងមានជំនឿលើសាសនាផ្សេងគ្នា បានក្លាយជាបញ្ហាមួយដ៏គួរឱ្យបារម្ភ។ ប្រទេសខ្លះជម្លោះកើតចេញពីការកាន់សាសនាផ្សេងគ្នា បានបង្កទៅជាភ្លើងសង្គ្រាមថែមទៀតផង។
សម្រាប់នៅកម្ពុជា ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតសាសនាទាំងអស់ ក៏បានរស់ឡើងវិញ ប្រជាពលរដ្ឋក៏មានសិទ្ធិប្រណិប័តន៍សាសនាទៅតាមជំនឿរបស់ពួកគេផងដែរ។ នៅកម្ពុជាសាសនាដែលមានការគោរពប្រណិប័តន៍ច្រើនមានដូចជាព្រះពុទ្ធសាសនា ដែលចែងថាជាសាសនារបស់រដ្ឋ, សាសនាឥស្លាម និងគ្រឹស្តជាដើម។
បើទោះបីមានមានការប្រណិប័តន៍លើសាសនាផ្សេងគ្នាយ៉ាងណាក្តី តែក្នុងរយៈពេលជាង ៤០ឆ្នាំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត គេសង្កេតឃើញប្រជាពលរដ្ឋដែលមានជំនឿសាសនាផ្សេងគ្នានោះ បន្តរស់នៅក្នុងភូមិឋានជាមួយគ្នា និងប្រាស្រ័យទាក់ទងជាមួយដោយភាតរ ដោយក្តីរីករាយ។
តាមរយៈរូបភាពនៃពិធីមង្គលការរបស់ខ្មែរ-ឥស្លាមនៅស្រុកកោះសូទិន គឺជាសក្ខីភាពមួយបន្ថែមទៀត បង្ហាញឱ្យនូវសុខដុមនីយកម្មផ្នែកសាសនា និងការរួមរស់ដោយសុខសាន្តរវាងអ្នកប្រណិប័តន៍សាសនាផ្សេងគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងបានបង្ហាញនូវការពេញចិត្តពេញថ្លើមជាខ្លាំងចំពោះភាពសុខដុមខាងសាសនានៅក្នុងប្រទេសកម្ពុជា ដែលនាំដល់ការភាពសុខសាននៃការរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍទៅមុខរបស់សង្គមកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន តែងបានប្រកាសអំពាវនាវដល់អ្នកប្រណិប័តន៍សាសនានៅកម្ពុជាទាំងអស់ ឱ្យចេះរួមរស់នឹងគ្នា និងមិនត្រូវប្រកាន់និន្នការសាសនានោះឡើយ៕