(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលកងកម្លាំងដែលឈរជើងគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមខ្សែរបន្ទាត់ព្រំដែន និងបាននាំយកសម្ភារប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករតាមរយៈលោកឧកញ៉ា ភួ ពុយ, លោកឧកញ៉ា អ៊ឹង គឹមលី និងលោក កត បូរ៉ាន ព្រមទាំងសប្បុរសជន ចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
អំណោយដែលត្រូវបានរៀបចំចែកជូនដល់កងកម្លាំងចម្រុះ បានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ រួមមាន៖ មី ១,០០០កេស, ទឹកបរិសុទ្ធ ៥០០កេស និង ២,០០០យួរ, ប្រេងឆា ១៦៤ដប, ត្រីខ ១,១៦០យួរ, ទឹកត្រី ៥០០យួរ, ទឹកស៊ីអុីវ ៥០០យួរ, សំពត់កៅស៊ូ២៥១ អំពូលសូឡា និងសម្ភារប្រើប្រាស់មួយចំនួនទៀតជូនដល់ កងពលតូចថ្មើជើងលេខ៥៣ កងពលតូចថ្មើជើងលេខ៥២ កងការពារលេខព្រំដែន ៥០៤ សឹករងបាត់ដំបង នគរបាលវរៈការពារព្រំដែនគោកលេខ៨១៩ និងលេខ៨១៧។
ក្នុងឱកាសនោះ លោក ងួន រតនៈ បានសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ជាពិសេសក្នុងកំលុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះក៏មានការការពារពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ ដែលត្រូវនៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
លោកអភិបាលបានថ្លែងអំណរគុណដល់លោកឧកញ៉ា ភួ ពុយ និងលោកឧកញ៉ា អ៊ុង គឹមលី ព្រមទាំងសប្បុរសជន ដែលបានកៀរគររៃអង្គាសជាមួយអាជីវករក្នុងក្រុងបាត់ដំបង ចូលរួមជាថវិកា ជាសម្ភារផ្សេងៗទៀត ដើម្បីចែកជូនកងវីរៈព្រំដែននាពេលនេះ ដែលជាកាយវិការនេះ គឺស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា ប្រជាពលរដ្ឋជាខឿនការពារជាតិជួរក្រោយ។ ចំណែកឯកងកម្លាំងជាខឿនការពារជាតិជួរមុខ ហើយមិនអាចអ្នកណាអាចខ្វះអ្នកណាមួយបានឡើយ។
លោក ងួន រតនៈ បានលើកទឹកចិត្តបន្តទៀតដល់កងកម្លាំងការពារវីរៈព្រំដែន និងកងកម្លាំងនានាឱ្យបន្តខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឱ្យពួកគាត់ដាច់ខាតត្រូវចូលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័ក ដែលអាជ្ញាធររៀបចំជូន។
ឆ្លៀតឱកាសនោះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចឱ្យសោះនូវជំងឺកូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈមមុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការផ្ទុះជាសហគមន៍ និងបង្កជាហានិភ័យ ហើយឱកាសនៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខកាន់តែខ្លាំងផងដែរ៕