(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម»។
បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ ប្រទេសកម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។
ស្របពេលជាមួយគ្នានេះ ដើម្បីរួមចំណែកលើការងារអប់រំសាធារណាមតិឱ្យកាន់តែយល់ច្បាស់ថែមទៀតអំពីការការពារ និងបញ្ចៀសបាននូវជំងឺឆ្លងនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានផលិតនូវវីដេអូនេះឡើង ដោយបានលើកឡើងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ និងចាត់ទុកថា បញ្ហាប្រឈមចំពោះមុខ គឺមានលក្ខណៈស្មុគស្មាញ និងមានទំហំធំជាងព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ កាលពីចុងឆ្នាំ២០២០។ យើងទាំងអស់គ្នាពិតជានៅចងចាំយ៉ាងច្បាស់ ណាស់ថាព្រឹត្តិការណ៍ទាំង២ នោះត្រូវបានទប់ស្កាត់ និងបិទបញ្ចប់ដោយជោគជ័យនិងតែក្នុង រយៈពេលដ៍ខ្លីតែប៉ុណ្ណោះ។ វីដេអូនេះបានបង្ហាញនូវ វិធានការសុខាភិបាល ដ៏មានប្រសិទ្ធភាព ដែលអាចទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការរីករាលដាល ការចូលរួមរបស់ប្រជាពលរដ្ឋ នៅតែជាកត្តាសំខាន់ ចាំបាច់មិនអាចខ្វះបានឡើយ។
ខ្លឹមសារក្នុងវីដេអូ បានរំលឹកថា ប្រជាពលរដ្ឋគ្រប់រូបអាចការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍របស់ខ្លួនកុំឲ្យកូវីដ-១៩ ចូលលុកលុយបាន ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ និង២ចូលរួម ដូចខាងក្រោម៖
៣ការពារគឺ៖
ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។
ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។
ទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។
៣កុំមានន័យថា៖
ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។
ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និង
ទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
ក្រៅពីនោះប្រជាពលរដ្ឋខ្មែរគ្រប់រូបក៏ត្រូវមានស្មារតី ២ចូលរួមទៀតផងដែរ។
២ចូលរួមមានន័យថា៖
ទី១៖ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ និង
ទី២៖ គឺចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ។
សូមបងប្អូនប្រជាពលរដ្ធចងចាំថា ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងដែលទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ។
សរុបមកវិញ វិធានការ ៣ការពារ, ៣កុំ និង ២ចូលរួម គឺជាអាវក្រោះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារ ខ្លួនយើង, ក្រុមគ្រួសារយើង និងសហគមន៍ យើងកុំឲ្យឆ្លងជម្ងឺកូវីដ ១៩។ ការចូលរួមអនុវត្តនូវវិធានការ ៣ការពារ, ៣កុំ និង ២ចូលរួមគឺដើម្បីខ្លួនយើង,ដើម្បីគ្រួសារយើង និងដើម្បី ប្រទេសជាតិយើង៕
សូមទស្សនាវីដេអូចំនួនជាង១៣នាទីដូចតទៅ៖