(ទីក្រុងហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន ៤រូប កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុកនិងការ ជំនុំជម្រះក្ដីនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសនេះ គឺជ្រើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្ម ព្រមទាំងមិនយកចិត្តទុកដាក់លើការពិតជាក់ស្តែង និងបានធ្វើឱ្យសាធារណជន មានការយល់ច្រឡំពីត្រូវទៅជាខុស។
ក្នុងសេចក្តីថ្លែងការណ៍នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជានៅអង្គការសហប្រជាជាតិ បានលើកឡើងថា អ្នកជំនាញខាងលើបានបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិនោះទេ ដោយបានតាំងខ្លួនជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋ អធិបតេយ្យមួយ។
ក្នុងសេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា អ្នករាយការណ៍ពិសេសត្រូវបំពេញតួនាទីរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់តាម «ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការ សហប្រជាជាតិ។
ក្នុងសេចក្តីថ្លែងការនេះតំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានបន្តថា លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ហាក់ភ្លេចថា លោកស្រីផ្ទាល់ធ្លាប់បានថ្លែងថ្កោលទោស លោក សម រង្ស៉ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះសម្ដីបរិហារកេរ្តិ៍ និង ញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាលជ្រើសតាំងដោយពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលលោក សម រង្សី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។
តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភស្តុតាង រឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ រួមទាំងគោរពសិទ្ធិមានមេធាវីការពារ។ ផែនការដ៏គ្រោះថ្នាក់របស់បុគ្គលមួយក្រុមនោះបានញុះញង់កងទ័ព មន្ត្រីរាជការ និងពលរដ្ឋឱ្យផ្ដួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងកៀងគរថវិកា ដើម្បីផ្គត់ផ្គង់កម្លាំងខុសច្បាប់គាំទ្រចលនារបស់ខ្លួន ដែលទង្វើនេះគឺស្មើនឹងការធ្វើរដ្ឋប្រហារ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា។ ជនល្មើស ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
ក្នុងសេចក្តីថ្លែងការបន្តថា ការអះអាងថា ការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមាន ជនជាប់ចោទបង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នករាយការណ៍ពិសេសទាំងនោះពឹងផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ និងថា អ្នកជំនាញទាំងនោះហាក់មានការយល់ ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា។
ការពិត គឺថា មេធាវីការពារ ជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួមដោយ ផ្ទាល់ នៅក្នុងបន្ទប់សវនាការ ដែលនេះបង្ហាញថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមាន ការចូលរួមនិងតម្លាភាពត្រឹមត្រូវ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យ ចូលទៅក្នុងបន្ទប់សវនាការ តែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ ស្តែងនៃបន្ទប់ និងការប្រព្រឹត្តទៅនៃសវនាការប្រកបដោយរបៀបរៀបរយនិងសុវត្ថិភាព។
ការវាយតម្លៃដោយធ្វេសប្រហែសរបស់អ្នករាយការណ៍ពិសេស នឹងអាចបញ្ចៀសបាន ប្រសិនបើពួកគាត់បានប្រកាន់យកវិធីសាស្ត្រធ្វើការប្រកបដោយយុត្តិធម៌និងស្ថាបនា ជាមួយរាជរដ្ឋាភិបាល មុនពេលពួកគាត់ប្រញាប់ប្រញាល់ចេញផ្សាយព័ត៌មានខាងលើ ក្រោមហេតុផលគួរឱ្យសង្ស័យ៕