(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុនកម្ពុជាតេលា និងមហានគរ មីក្រូហិរញ្ញវត្ថុ ភីអីលស៊ី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានចូលរួមយុទ្ធនាយ៉ាងច្រើនកុះករ ក្នុងការបរិច្ចាគឈាមដោយស្មោះចិត្ដ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអ្នកជំងឺ ដែលត្រូវការឈាមក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រលាញ់» ដែលប្រារព្ធធ្វើឡើងនៅ ទីស្នាក់ការការិយាល័យកណ្ដាលក្រុមហ៊ុនតេលា។
អគ្គនាយកក្រុមហ៊ុន កម្ពុជាតេលា លោក ឈុន អូន បានថ្លែងថា ថ្ងៃនេះលោក និងបុគ្គលិកទាំងអស់ មានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ជួយសង្គ្រោះជីវិត ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយនេះ មិនមែនជាលើកទីមួយទេ ដែលលោកបានចូលរួមបរិច្ចាគឈាមនោះ គឺច្រើនដងកន្លងមកហើយ។
លោកបន្ដថា «ពិតណាស់ការផ្ដល់ឈាម មិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយថែមទាំងទទួលបានសុខភាពល្អទៀតផង ពិសេសបានជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួមផុតពីសេចក្ដីស្លាប់ ដូច្នេះខ្ញុំក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ឈាម ព្រោះគង់ថ្ងៃណាមួយ គ្រួសារអ្នកនឹងត្រូវការឈាមជាមិនខាន ដោយហេតុនេះ ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន»។
ព្រមជាមួយគ្នានោះ លោក លី ធានឡូញ ដែលជាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ក្នុងចំណោមអ្នកស្ម័គ្រចិត្ដជាង១០០នាក់នោះ បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ ដែលជួយសង្គ្រោះ ជីវិតជនរងគ្រោះ ឲ្យរស់រានមានជីវិត ដោយសារតែការបរិច្ចាគឈាមរបស់ខ្ញុំនេះ។ ក្រោយពីការបរិច្ចាគឈាម រួចមកនេះ ខ្ញុំមានអារម្មណ៍ស្រស់ថ្លា មិនមានការប៉ះពាល់ដល់សុខភាពនោះឡើយ»។
ទន្ទឹមនឹងនោះផងដែរ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា លោកមានការរីករាយយ៉ាងខ្លាំងនូវការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ រួមទាំងបុគ្គលិកនៃក្រុមហ៊ុនកម្ពុជាតេលា និងមហានគរ មីក្រូហិរញ្ញវត្ថុ ភីអីលស៊ីនៅថ្ងៃនេះ ។
លោកបន្ដថា «សព្វថ្ងៃនេះ ខ្ញុំបានសង្គេតឃើញថា ប្រជាពលរដ្ឋកម្ពុជាយើង មានការយល់ដឹងច្រើនជាងមុន ហើយក៏សកម្មក្នុងសកម្មភាពមនុស្សធម៌ផងដែរ តែ យើងមិនទាន់មានឈាមដែលមានប្រភពពីអ្នកស្ម័គ្រចិត្ដ គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ ដោយក្នុងមួយថ្ងៃគ្រាន់តែ នៅរាជធានីភ្នំពេញ ត្រូវការឈាម ប្រមាណ ១០០ប្លោកជារៀងរាល់ថ្ងៃ សម្រាប់ជួយសង្គ្រោះជនរងគ្រោះ អ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ១៥០ប្លោកជារៀងរាល់ថ្ងៃផងដែរ»។
ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្ដាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស ៕