(ភ្នំពេញ)៖ បញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ក្រោមកិច្ចសហការរបស់ក្រុមការងារនៃនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ, ទីចាត់ការសុខាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ការិយាល័យសុខាភិបាល កងទ័ពជើងគោក។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ធ្វើឡើងដោយអនុវត្ត និងគោរពអនុសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
ក្រោយចាក់វ៉ាក់សាំងរួច បញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រប់ពេលវេលាសម្តេចតែងតែគិតគូរ ស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។
បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សូមគោរពនិងសម្តែងនូវ កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណ ជាអនេកប្បការចំពោះការរួមសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ដែលគ្រប់ពេលវេលាសម្តេចតែងតែគិតគូរ ស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ការពារកូវីដ១៩ពិសេសយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជាតិកម្ពុជាទាំងមូល។ យើងខ្ញុំសូមគោរព នឹងដឹងគុណជានិច្ច និងប្តេជ្ញាការពារសន្តិភាព ការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីសឆន្ទៈរបស់ប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»។
សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២ប្រភេទ គឺស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន និងអាស្ត្រាហ្សេណេកា ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (COVAX)។ វ៉ាក់សាំងអាស្ត្រាហ្សេណេកា ត្រូវបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
សម្រាប់វ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក៏បានផ្តល់ដល់កម្ពុជាចំនួន ១លានដូសផងដែរ។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ៤០ម៉ឺនទៀតនឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។
ក្នុងចំណោមជំនួយ១១លានដូសនោះ មានវ៉ាក់សាំងស៉ីណូហ្វាម របស់ចិនចំនួន១លានដូស ជំនួយយន្តការកូវ៉ាក់ ចំនួន៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី ២៨លានដុល្លារ ស្មើនឹង៣លានដូសផងដែរ។ ចំណែកតម្រូវការ៩លានដូសទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន៕