(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងសាទ ចេញសេចក្តីប្រកាសព័ត៌មាន ខណៈប្រជាពលរដ្ឋត្អូញត្អែរអំពីតម្លៃជ្រូកឡើងថ្លៃខ្ពស់ ចន្លោះពី ៣២០០០រៀលទៅ៣៨ ០០០រៀលក្នុងគីឡូក្រាម។
បើតាមអាជីវករលក់សាច់ជ្រូកតាមផ្សារ តម្លៃពីមុនមានចន្លោះ១៥ ០០០រៀល, ១៨,០០០រៀល, ២០,០០០រៀល ឬ២៣,០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែពេលនេះសាច់ជ្រូកឡើងថ្លៃ ដល់ទៅជាង៣ម៉ឺនរៀលក្នុង១គីឡូក្រាម។ អាជីវករបាននិយាយថា ការឡើងថ្លៃនៃតម្លៃសាច់ជ្រូកនេះ បានធ្វើឲ្យអ្នកទិញដែលប្រជាពលរដ្ឋ កាត់បន្ថយការទិញដោយសារ តែប៉ះពាល់ដល់ចំណូលរបស់ពួកគាត់។
ប្រជាពលរដ្ឋដែលជាអ្នកលក់ និងអ្នកទិញ បានអំពាវនាវក្រសួងស្ថាប័នជំនាញជួយ ពិនិត្យមើលករណីឡើងថ្លៃ នៃតម្លៃសាច់ជ្រូកតាមទីផ្សារនេះផង ដើម្បីកុំឡើងថ្លៃខ្ពស់ពេក ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈវិបត្តិនៃការរីករាលដាលឲ្យជំងឺកូវីដ១៩ ធ្វើប៉ះពាល់សេដ្ឋកិច្ចខ្លាំងហើយនោះ។
អាជីវករម្នាក់ដែលលក់សាច់ជ្រូកជាង១០ឆ្នាំមកហើយ នៅផ្សារគីឡូលេខ៤ បានផ្តល់កិច្ចសម្ភាសនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះថា តម្លៃសាច់ជ្រូកក្នុងទីផ្សារបានកើនឡើងយ៉ាងខ្លាំង ដែលមានចន្លោះពី៣២ ០០០រៀល ទៅ៣៨ ០០០រៀលក្នុង១គីឡូក្រាម។
អ្នកស្រីនិយាយថា «ខ្ញុំសូមសំណូមឲ្យសាច់ជ្រូកចុះថ្លៃ ព្រោះតម្លៃថ្លៃដូចសព្វថ្ងៃនេះ លក់មិនសូវដាច់ទេ អ្នកធ្លាប់ទិញ១គីឡូក្រាម មកទិញត្រឹមតែ២-៣ខាំ ឬកន្លះគីឡូក្រាមប៉ុណ្ណោះ ព្រោះកាលពីមុនសាច់ជ្រូកតម្លៃត្រឹម១២ ០០០រៀល ទៅ១៥ ០០០រៀលអស់ហើយ ប៉ុន្តែពេលនេះឡើងថ្លៃដល់៣៨ ០០០រៀលទៅហើយ»។
អ្នកលក់សាច់ជ្រូកម្នាក់ទៀត ក៏បានរអ៊ូអំពីការប៉ះពាល់ជីវភាពរបស់ពួកគាត់ ដោយសារលក់មិនសូវដាច់ដូចមុន ព្រោះតែតម្លៃថ្លៃខ្លាំង។
អ្នកស្រីបានសំណូមពរថា «ពីមុនខ្ញុំលក់សាច់ជ្រូក១ថ្ងៃបានជាង៣០០គីឡូក្រាម ប៉ុន្តែពេលនេះលក់បានតែ១០០គីឡូជាងទេ ព្រោះវាឡើងថ្លៃខ្លាំងពេក។ ខ្ញុំសំណូមពរក្រសួងស្ថាប័នជំនាញជួយ ឲ្យសាច់ជ្រូកចុះថោកវិញ ដើម្បីឲ្យអ្នកហូប និងអ្នកលក់ស្រួលរស់»៕