(ប៉ៃលិន)៖ ប្រជាកសិករនៅខេត្តប៉ៃលិន ដែលប្រកបរកសិកម្ម រួមមានដំណាំស្ពៃក្តោប និងដើមខ្ទឹម បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដោយត្អូញត្អែរថា កសិផលលើដំណាំទាំងនេះគ្មានទីផ្សារទេ ហើយតម្លៃក៏ចុះថោកជាងឆ្នាំមុនទៅទៀត។
ប្រជាកសិកររស់នៅភូមិប៉ាងរលឹម ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងថា ការដាំដំណាំស្ពៃក្តោប ឆ្មាំមុន១គីទ្បូក្រាម តម្លៃ៣០០០រៀល ចំណែកឯឆ្នាំនេះ ១គីទ្បូក្រាមតម្លៃត្រឹមតែ២៥០០រៀលប៉ុណ្ណោះ។ ក្នុងនោះដើមខ្ទឹមឆ្នាំមុន ១គីទ្បូក្រាម តម្លៃ៦០០០រៀល ចំណែកឯឆ្នាំនេះ១គីទ្បូក្រាម តម្លៃ២៥០០រៀលប៉ុណ្ណោះ។
កសិករខាងលើបន្ថែមថា ការធ្លាក់ថ្លៃបែបនេះ គាត់មិនចំណេញនោះទេ បើគិតថ្លៃពលកម្មរួច។ ថ្លែងទាំងក្តីអស់សង្ឃឹម ដោយសារមិនមានទីផ្សារសម្រាប់លក់ផលិតផលដំណាំកសិកម្មនោះ កសិករដដែល បានត្រឹមសំណូមពរ ដល់ប្រជាពលរដ្ឋជួយគាំទ្រ ផលិតផលកសិកម្មប៉ុណ្ណោះ។
កសិករខាងលើ ក៏បានធ្វើការអំពាវដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយបកស្រាយ និងពន្យល់រឿងផលិតផលកសិកម្ម ចុះថោកបែបនេះផងដែរ។ ជាទូទៅផលិតផលកសិកម្មនៅកម្ពុជាសព្វថ្ងៃ គ្មានទីផ្សារនោះទេ ខណៈពេលដែលពលរដ្ឋកម្ពុជាប្រមាណ ៩០% ពឹងផ្អែកលើរបរកសិកម្មនោះ។
កសិករដដែល ថែមទាំងសំណូមពរដល់ក្រសួងកសិកម្ម ជួយចាត់មន្ត្រីចុះជួយពន្យល់បញ្ហាបច្ចេកទេស នៃការដាំដុះផ្នែកកសិកម្មទៀតផង។ គាត់ថ្លែងថា ការប្រកបរបរកសិកម្មនេះ រយៈពេលជិត ២០ឆ្នាំហើយ ពុំមានមន្ត្រីជំនាញណាមួយ ចុះជួយពន្យល់ណែនាំដល់ពួកគាត់ក្នុងការដាំដុះនោះដែរ៕