(ក្រចេះ)៖ លោក ហេង ចន្ថា អភិបាលស្រុកឆ្លូង បានប្រាប់ភ្នាក់ងារ Fresh News ថា ម្ចាស់រថយន្តដឹកដំឡូង ដែលបំផ្លាញស្ពាននោះ បានចេញលុយ៩ពាន់ដុល្លារ ដល់កងវិស្វកម្ម សម្រាប់ការជួសជុលស្ពានឡើងវិញ។
សូមបញ្ជាក់ថា រថយន្ដយីឌុបខ្នាតយក្សដឹកដំឡូងមួយគ្រឿង បានបំផ្លាញស្ពានដែកផ្លូវវៀងថ្មី ស្ថិតនៅចំណុចស្ពានកំពង់រាំង ស្រុកឆ្លូង ខេត្តក្រចេះ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលធ្វើឲ្យអាក់ខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
លោក ហេង ចន្ថា បានបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរស្រុក និងខេត្តក៏បានរៀបចំការត្រួតពិនិត្យ ឲ្យមានការកំណត់ទម្ងន់ជៀសវាងកុំឲ្យខូចខាតទ្រព្យសម្បិត្តរដ្ឋ ដូចជា ស្ពាន ថ្នល់ ជាដើម ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនម្ចាស់ យានយន្ដទាំងអស់កុំដឹកលើសទំងន់ឲ្យសោះ»។
បើតាមលោក ហេង ចន្ថា ក្រោយរថយន្ដនោះធ្វើឲ្យបាក់ស្ពានហើយ ម្ចាស់រថយន្ដបំរុងយកឡានស្ទួច យករថយន្ដ និងកើបដំឡូងយកវិញ ប៉ុន្តែត្រូវកំលាំងរបស់លោក ចុះទៅដល់ឃាត់មិនស្ទួច ដោយរង់ចំចាំធ្វើការស្រាវជ្រាវ រកផលបះពាលសិន៕