(ព្រះសីហនុ)៖ បុរសម្នាក់នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ២លានរៀល ព្រោះធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំ ដោយបន្ដធ្វើដំណើរទៅជាច្រើនកន្លែង។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះថា បុរសខាងលើ គឺជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលរូបគេជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
ដូច្នេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ការផាកពិន័យនេះ ក៏ជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឲ្យយកគំរូតាមបុគ្គលរូបនេះ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការពិសេស (៣ការពារ និង៣កុំ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
គួរជម្រាបថា សម្រាប់ខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកដែលត្រូវបានយកទៅពិនិត្យសំណាក ចំនួន១០,៥៨៨នាក់ ក្នុងនោះស្រី៤,៥១៧នាក់ ហើយរកឃើញកើតជំងឺកូវីដ-១៩ ៨៥នាក់។ នេះបើតាមការឲ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
បើតាមលោក ឃាង ភារម្យ រហូតមកដល់ពេលនេះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩ ហើយត្រូវអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ននោះ មានចំនួន៣៧ទីតាំង។ ខណៈអាជ្ញាធរ និងសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីស្វែងរកទីតាំងដែលមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។
ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះរីករាលដាលខ្លាំងទៅខេត្តព្រះសីហនុនោះ រដ្ឋបាលខេត្តមួយនេះ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន សម្រាប់អ្នកដំណើរទាំងអស់ លើកលែងតែរថយន្ដដឹកទំនិញប៉ុណ្ណោះ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម បើមិនចាំបាច់កុំចេញក្រៅផ្ទះប្រមូលផ្ដុំគ្នាផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់។ ក្នុងនោះអ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន៤២៥នាក់ ដែលភាគច្រើនជាជនជាតិបរទេស៕