(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិងកំពុងបញ្ចេញប្រតិកម្ម ចំពោះមន្ត្រីជំនាញអន្តោប្រវេសន៍ ដែលកំពុងធ្វើជំរឿនជនបរទេសនៅមូលដ្ឋានរបស់ខ្លួន ដោយពួកគាត់ថា ជាជនជាតិខ្មែរ សញ្ជាតិខ្មែរហើយ បែរជាក្រុមមន្រ្តីទាំងនោះ ប្រាប់ឲ្យពួកគាត់ចូលសញ្ជាតិខ្មែរថែមទៀត។
ប្រជាពលរដ្ឋខ្លះ បានលើកឡើងថា ក្រុមមន្រ្តីទាំងនោះគ្រាន់តែឃើញ ពួកគាត់មានរូបរាង ការនិយាយស្តី មិនសូវច្បាស់ និងសាច់ឈាម ដូចជនវៀតណាម ស្រាប់តែក្រុមអន្តោប្រវេសន៍ ចាត់ទុកពួកគាត់ទាំងនោះជាជនជាតិវៀតណាមតែម្តង បើទោះបីពួកគាត់មានសៀភៅគ្រួសារ សំបុត្រកំណើត អត្រានុកូលដ្ឋាន និងអត្តសញ្ជាណប័ណ្ណគ្រប់គ្រាន់ និងយូរមកហើយនោះ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះក្រុមមន្រ្តីចំរុះរបស់ក្រសួងមហាផ្ទៃ រួមមាន៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយដ្ឋានវិសោធនកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយដ្ឋានក្រុមប្រឹក្សានីតិកម្ម បានចុះទៅធ្វើជំរឿនជនបរទេសនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពោលគឺចុះទៅស្រង់ស្ថិតិចំនួនប្រជាជនវៀតណាម ដើម្បីឲ្យដឹងច្បាស់ពីចំនួនរស់នៅតាមមូលដ្ឋាន។
បុរសវ័យ៦០ឆ្នាំម្នាក់ឈ្មោះ ប៊ុន ចយ មានប្រពន្ធឈ្មោះ ឃុន យូ មានកូនស្រីចំនួន៣នាក់ ក្នុងបន្ទុករស់នៅសង្កាត់ទួលសង្កែ តាំងពីឆ្នាំ១៩៨៣ បានលើកឡើងថា សមត្ថកិច្ចបានដាក់លិខិតអញ្ជើញឲ្យរូបគាត់ យកឯកសារដែលពាក់ព័ន្ធរួមមាន សៀវភៅគ្រួសារ សៀវភៅក២ អត្តសញ្ញាណប័ណ្ណ សំបុត្របញ្ជាក់កំណើត ដើម្បីទៅចូលរួមសម្ភាសន៍។
លោក ចយ បានបង្ហាញចម្ងល់ថា រូបគាត់ជាខ្មែរសុទ្ធសាធ កើតនៅស្រុកមេសាង ខេត្តព្រៃវែង រួមទាំងក្រុមគ្រួសារទាំងមូល ហេតុអ្វីអញ្ជើញឲ្យរូបគាត់ ទៅសម្ភាសន៍ទៀត តើចង់ឲ្យគាត់លាពីសញ្ជាតិខ្មែរទៅចូលសញ្ញាតិខ្មែរ? លោកថា ឯកសារពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ គឺមានគ្រប់គ្រាន់ រាប់ឆ្នាំមក ហើយតែបែរជាមន្រ្តីទាំងនោះ អញ្ជើញឲ្យគាត់ទៅសម្ភាសន៍ទៀត វាពិតជាមហាឆ្ងល់។
បុរសដែលមានឈ្មោះ រូបរាង និងសំដីសំដៅ ដូចជនជាតិវៀតណាមនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា «នៅពេលចូលទៅក្នុងបន្ទប់ មន្រ្តីនគរបាលបានសួរនាំ និងប្រាប់ឲ្យខ្ញុំ ឲ្យចូលសញ្ជាតិខ្មែរ ពេលនោះខ្ញុំប្រាប់ថា បើខ្ញុំជាខ្មែរហើយហ្នឹង តើឲ្យខ្ញុំចូលខ្មែរអីទៀត ប៉ុន្តែមន្រ្តីនោះឆ្លើយថា ខ្ញុំជាជនជាតិវៀតណាម និងថែមទាំងឲ្យចេញពីបន្ទប់ ដើម្បីឲ្យមន្រ្តីផ្សេងទៀតមើល និយាយជាមួយ រួចថា ខ្ញុំជាវៀតណាម។ ខ្ញុំហួសចិត្តហើយក៏ដើរចេញពីទីនោះ ត្រឡប់ទៅផ្ទះតែម្តង បើទោះបីជាពួកគេឲ្យខ្ញុំចុះបញ្ជីឈ្មោះដើម្បីចូលជាសញ្ជាតិក៏ដោយនោះ»។
លោក ចយ បានបន្តថា «ខ្ញុំមានឯកសារគ្រប់គ្រាន់ទាំងអស់ និងបានចូលរួមបោះឆ្នោត ចំនួន៥អាណត្តិ មកហើយ។ ខ្ញុំគិតថា ក្រុមមន្រ្តីអន្តោប្រវេសន៍ទាំងនោះ បង្ខំឲ្យប្រជាពលរដ្ឋ ចូលសញ្ញាតិខ្មែរយ៉ាងដូច្នេះ ដោយសំអាងការមើលលើរូបរាងកាយ និងសំដី មិនមើលឯកសារ ប្រហែលចង់បានលុយប៉ុណ្ណោះ ពីព្រោះលឺអ្នកជាតិខាងខ្ញុំ ជាជនជាតិវៀតណាមថា ពេលចុះឈ្មោះចូលសញ្ញាតិគឺត្រូវចំណាយប្រាក់ជាង២ម៉ឺនរៀល»។
ពាក់ព័ន្ធការបញ្ចេញប្រតិកម្មរបស់ប្រជាពលរដ្ឋខាងលើនេះ លោកឧត្ដមសេនីយ៍ត្រី ប៉ូ សេងលាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងជាអនុប្រធានអចិន្រ្តៃយ៍បានប្រាប់ភ្នាក់ងារ Fresh News ថា ជិតមួយខែមកហើយ ដែលមានយើងសហការគ្នា មាននាយកដ្ឋានចំនួន៥ ចូលរួមតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីធ្វើជំរឿនជនអន្តោប្រវេសន៍ នៅសង្កាត់ទួលសង្កែ។ លោកថា «ជិតមួយខែមកនេះ យើងរកឃើញជនអន្តោប្រវេសន៍ចំនួន២០១នាក់ ដែលជាជនជាតិវៀតណាម ហើយក៏មិនមានប្រតិកម្មអ្វីឡើយ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ»។
លោកឧត្ដមសេនីយ៍ត្រី ប៉ូ សេងលាង បានបន្តទៀតថា កន្លងមកសមត្ថកិច្ចជំនាញ អន្តោប្រវេសន៍ទាំង៥ នាយកដ្ឋានបានអនុវត្តន៍តាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដោយជំរឿនតែជនបរទេសប៉ុណ្ណោះ ដោយមិនបានធ្វើជំរឿនប្រជាពលរដ្ឋខ្មែរឡើយ ព្រោះខុសនីតិវិធី ហើយសមត្ថកិច្ចជំនាញបានបញ្ចប់ ក្រោយពីអនុវត្តន៍នៅសង្កាត់ទួលសង្កែរួចរាល់ នឹងត្រៀមលើកទិសដៅបន្តទៅអនុវត្តន៍នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា «ក្នុងការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ ឫក៏សម្ភាសន៍ជនអន្តោប្រវេសន៍ណាម្នាក់ មុនសម្រេចឫវាយតម្លៃថា ជាខ្មែរត្រូវមានការឯកភាពវិនិច្ឆ័យសម្រេចចេញពីអគ្គនាយកដ្ឋានទាំង៥»៕