Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង១,០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង

05-03-2021 13:24

(ស្វាយរៀង)៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១,០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង ដែលជាអំណោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

ក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ មានការចូលរួមពីលោក ថោង សាមាន អនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ អភិបាលរងស្រុក លោកប្រធានការិយាល័យភូមិបាលស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ និងក្រុមការងារសាងសង់ផ្លូវថ្នល់មួយចំនួន។

ក្នុងឱកាសនោះដែរ លោក ហែម សារិទ្ធ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាលខេត្តបានសម្រេចផ្តល់នូវផ្លូវមួយខ្សែនេះ ជូនប្រជាពលរដ្ឋ ដើម្បីបានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរនៅមូលដ្ឋានទាំងដឹកកសិផលទៅកាន់ទីផ្សារក៏ដូចជាការធ្វើដំណើររបស់សិស្សានុសិស្សនៅក្នុងភូមិនេះផងដែរ។

លោកអភិបាលស្រុក បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋសុំបើកចិត្តក្នុងការសម្រួលដល់ក្រុមការសាងសង់ផ្លូវនេះឱ្យបានរលូនទៅមុខ ក្នុងករណីមានការប៉ះពាល់ដើមឈើ សូមយោគយល់ ដើម្បីក្រុមការងារបច្ចេកទេសធ្វើផ្លូវនេះឱ្យបានឆាប់រួចរាល់។

ទន្ទឹមនេះលោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងនូវគម្លាតពី១,៥ម៉ែត្រគ្នាជាដើម។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏បានសម្តែងនូវការសាទរ និងថ្លែងអំណគុណចំពោះលោកអភិបាលខេត្តដែលបានជួយសម្របសម្រួលបញ្ចប់ទំនាស់នៅលើកំណាត់ផ្លូវនេះនាពេលកន្លងទៅ តាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវធ្វើផ្លូវមួយខ្សែនេះ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕