(ភ្នំពេញ)៖ ក្រុមហ៊ុន Jet Capital Company Limited នៅប្រទេសថៃ បន្ទាប់ពីបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ទៅ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដើម្បីបានចុះឈ្មោះក្រុមហ៊ុន ក្នុងបញ្ជីផ្គត់ផ្គង់សត្វជ្រូកមកកម្ពុជាបានដូចមុននោះ នៅពេលនេះបានបញ្ជាក់បន្ថែម នូវភាពស្អាតស្អំរបស់ខ្លួន ពីការអនុវត្តគ្រប់លក្ខខណ្ឌទាំងអស់ ដែលបានកំណត់រួចអស់ហើយ នៅឡើយតែការអូសពេលវេលារបស់ក្រសួងកសិកម្ម មិនព្រមបំពេញកាត្វពកិច្ចជំនាញរបស់ខ្លួន។

*** ក្រុមហ៊ុន Jet Capital Company Limited គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសថៃ ដោយគ្រាន់តែសុំសិទ្ធិរបស់ខ្លួនរកស៊ីឡើងវិញ បាននៅប្រទេសថៃតែប៉ុណ្ណោះ មិនមែនក្រុមហ៊ុនមានសិទ្ធិនាំចូលជ្រូកមកកម្ពុជានោះទេ។ ក្រុមហ៊ុនដែលអាចមានសិទ្ធិនាំចូលសត្វជ្រូកពីថៃមកកម្ពុជាបាន គឺជាក្រុមហ៊ុនរបស់កម្ពុជាចំនួន៧ ដែលទទួលបានគោលការណ៍ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុន Jet Capital Company Limited របស់ប្រទេសថៃ គ្រាន់តែជាក្រុមហ៊ុនមួយរបស់ប្រទេសថៃ សុំឲ្យក្រសួងកសិកម្មកម្ពុជា បំពេញកាត្វពកិច្ចជាជំនាញ ដែលខ្លួនបានដាក់លក្ខខណ្ឌចំនួន១២ចំណុច ឲ្យក្រុមហ៊ុនរបស់ប្រទេសថៃ បំពេញឲ្យសព្វគ្រប់ ដើម្បីអាចចុះឈ្មោះក្នុងបញ្ជី ជាក្រុមហ៊ុនផ្គត់ផ្គង់ជ្រូករបស់ប្រទេសថៃ (ប្រតិបត្តិការក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសថៃ) ដល់ក្រុមហ៊ុនកម្ពុជាទាំងឡាយណា ដែលទទួលបានគោលការណ៍ ពីក្រសួងកសិកម្មកម្ពុជាប៉ុណ្ណោះ។

ក្រុមហ៊ុន Jet Capital Company Limited បានរៀបរាប់លម្អិតដំណើរដើមទង នៃការដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតលក្ខខណ្ឌចំនួន១២ចំណុច ដើម្បីកំណត់ក្រុមហ៊ុនរបស់ប្រទេសថៃ សម្រាប់ផ្គត់ផ្គង់ជ្រូករស់មកកម្ពុជា។ ក្រុមហ៊ុនបានលើកឡើងទាំងស្រុង ដូចខាងក្រោម៖

ដំបូងឡើយមានក្រុមហ៊ុនផ្គត់ផ្គង់ជ្រូករស់ នៅប្រទេសថៃចំនួន៥៦ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន Jet Capital ផងដែរ ដែលអាចធ្វើការផ្គត់ផ្គង់ជ្រូកដល់ក្រុមហ៊ុនខ្មែរទាំងឡាយ ដែលមានគោលការណ៍នាំចូល ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា។ ក្រោយមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ចំនួន១២ចំណុច ដល់អគ្គនាយកដ្ឋានអភិវឌ្ឍសត្វនៃក្រសួងកសិកម្មថៃ ដើម្បីកំណត់យកក្រុមហ៊ុន ដែលមានសិទ្ធិផ្គត់ផ្គង់ជ្រូករស់ មកដល់ក្រុមហ៊ុន ដែលមានគោលការណ៍ស្របច្បាប់ ក្នុងប្រទេសកម្ពុជា។

គោលការណ៍ទាំង១២ចំណុចនោះ ដែលសរុបបញ្ចូលគ្នាតែ៣លិខិត៖
១៖ ត្រូវមានលិខិតបញ្ជាក់សុខភាពសត្វ។
២៖ លិខិតចាក់វ៉ាក់សាំងលើសត្វជ្រូក (១១ចំណុច) បញ្ជាក់ថា សត្វជ្រូកដែលនាំចូលមកកម្ពុជា បានចាក់វ៉ាក់សាំងត្រឹមត្រូវ និងបញ្ជាក់ថាគ្មានជំងឺ។
៣៖ លិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កសត្វ នៅនឹងមាត់ច្រកព្រំដែន (ទឹកដីថៃ)។

គោលការណ៍ទាំង១២ចំណុចនេះ មានប្រទេសថៃ ដែលជាប្រទេសទទួលស្គាល់ក្នុងតំបន់ថា មានការគ្រប់គ្រងសត្វរស់បានយ៉ាងល្អនោះ អនុវត្តសម្រាប់ការនាំចេញជ្រូករស់ទៅបណ្តាប្រទេសនានា មានតែលិខិតទី១ និងលិខិតទី២ប៉ុណ្ណោះ សម្រាប់លិខិតទី៣ ដែលអគ្គនាយកសុខភាពសត្វរបស់កម្ពុជាតម្រូវធ្វើចត្តាឡីស័កសត្វ នៅនឹងមាត់ច្រកព្រំដែននោះ គឺប្រទេសថៃ តម្រូវឲ្យមានការធ្វើចត្តាឡីស័ក នៅនឹងកសិដ្ឋានតែប៉ុណ្ណោះ។

បន្ទាប់ពីកំណត់គោលការណ៍១២ចំណុច អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរបស់កម្ពុជា បានផ្ញើលិខិតទៅអគ្គនាយដ្ឋានអភិវឌ្ឍសត្វនៃប្រទេសថៃ ដោយជ្រើសរើសក្រុមហ៊ុនចំនួន២លើក បានក្រុមហ៊ុនចំនួន១០ លើកទី១ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ រើសបាន៥ក្រុមហ៊ុន និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រើសបានចំនួន៥ក្រុមហ៊ុនទៀត ដោយអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជាទទួលស្គាល់ថា ក្រុមហ៊ុនទាំង១០នោះ មានគ្រប់លក្ខខណ្ឌទាំង១២ចំណុច អាចផ្គត់ផ្គង់ជ្រូករស់កម្ពុជាបាន។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរបស់កម្ពុជាក៏បានលើកឡើងប្រាប់ទៅអគ្គនាយកដ្ឋានអភិវឌ្ឍសត្វ នៃក្រសួងកសិកម្មថៃថា ខ្លួននៅតែស្វាគមន៍ និងទទួលចុះបញ្ជីក្រុមហ៊ុនរបស់ថៃណា ដែលគោរពទៅតាមលក្ខខណ្ឌទាំង១២ចំណុច ដែលកំណត់នេះ។

សម្រាប់ក្រុមហ៊ុន Jet Capital Company Limited ដែលជាក្រុមហ៊ុនគោរពច្បាប់ និងមានបទពិសោធន៍នាំចេញជ្រូករស់វិញ បន្ទាប់ពីមានការកំណត់លក្ខខណ្ឌទាំង១២ចំណុចនេះ ខ្លួនបានចំណាយដើមទុន ដើម្បីសាងសង់កន្លែងចត្តាឡីស័កនៅនឹងព្រំដែន និងបានបំពេញគ្រប់លក្ខខណ្ឌទាំង១២ចំណុចទាំងអស់ ដែលអគ្គនាយកដ្ឋានសុខាភាពសត្វ និងផលិតកម្មសត្វរបស់កម្ពុជា បានតម្រូវទាំងអស់។

១៖ លិខិតបញ្ជាក់សុខភាពសត្វ ក្រុមហ៊ុន Jet Capital Company Limited បំពេញបាន។
២៖ លិខិតចាក់វ៉ាក់សាំងលើសត្វជ្រូក (១១ចំណុច) ក្រុមហ៊ុន Jet Capital Company Limited បំពេញបាន ដោយឆ្លងកាត់បទពិសោធន៍ធ្លាប់នាំចេញ ទៅប្រទេសវៀតណាម។
៣៖ ទីតាំងសម្រាប់ធ្វើចត្តាឡីស័កសត្វ នៅនឹងមាត់ច្រកព្រំដែន (ទឹកដីថៃ) ក៏ក្រុមហ៊ុន Jet Capital Company Limited បំពេញបាន។

បន្ទាប់ពីបំពេញបានលក្ខខណ្ឌទាំង១២ចំណុចនេះហើយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វ របស់ថៃ បានផ្ញើលិខិតផ្លូវការមកអគ្គនាយដ្ឋានសុខភាពសត្វកម្ពុជាថា «ក្រុមហ៊ុន Jet Capital បានបំពេញលក្ខខណ្ឌទាំង១២ចំណុច របស់ប្រទេសកម្ពុជា»។ (មានលិខិតភ្ជាប់) ប៉ុន្តែបើទោះជាក្រុមហ៊ុននេះ បំពេញគ្រប់លក្ខខណ្ឌយ៉ាងណាក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម មិនព្រមចុះឲ្យដែរ ដោយព្យាយាមរកលេសពន្យារ ពេលសព្វបែបយ៉ាង ដែលមិនមែនជាកិច្ចការងារជំនាញ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង៤០ថ្ងៃមកហើយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនយ៉ាងខ្លាំង។

លិខិតចុះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វថៃ បញ្ជាក់ថា «ក្រុមហ៊ុន Jet Capital បានបំពេញលក្ខខណ្ឌទាំង១២ចំណុច របស់ប្រទេសកម្ពុជា» រហូតមកដល់ពេលនេះនៅតែមានសុពលភាពគតិយុត្តនៅឡើយ ដរាបណាអគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វថៃ មិនទាន់ចេញលិខិតថ្មី ជំនួសលិខិតនេះ។ ចំពោះជនណាដែលចោទប្រកាន់ថា លិខិតនេះជាលិខិតក្លែងកា្លយក្រុមហ៊ុន Jet Capital Company Limited ហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយលិខិតនេះមិនមែនជាលិខិតដែលក្រុមហ៊ុនជាអ្នកយកជូន អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជានោះទេ គឺជាលិខិតផ្លូវការពីអគ្គនាយកដ្ឋានអភិវឌ្ឍសត្វរបស់ប្រទេសថៃ ផ្ញើមកអគ្គនាយកដ្ឋានសុខភាពសត្វ របស់កម្ពុជាដោយខ្លួនឯង។

ទោះបីរើស១០ក្រុមហ៊ុនសម្រាប់ផ្គត់ផ្គង់ក្តី ប៉ុន្តែជាក់ស្តែងរាល់ថ្ងៃនេះ មានតែ២ក្រុមហ៊ុនប៉ុណ្ណោះគឺក្រុមហ៊ុន OK Rung Ruaeng 999 Limited Partnership និងក្រុមហ៊ុន Wangnamyen Inter Trade partnership ដែលផ្គត់ផ្គង់ជ្រូករស់មកកម្ពុជា ដូចនេះធ្វើឲ្យការផ្គត់ផ្គង់ជ្រូកមិនគ្រប់គ្រាន់ តាមតម្រូវការទីផ្សារនាំឲ្យតម្លៃសាច់ជ្រូក នៅលើទីផ្សារឡើងថ្លៃខ្ពស់ខ្លាំង។

តម្លៃសាច់ជ្រូក នៅលើទីផ្សាររាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះចន្លោះពី៣២០០០រៀល ទៅ ៣៨០០០រៀលក្នុង១គីឡូក្រាម ដែលមានថ្លៃខ្ពស់ប្រហែលនឹងសាច់គោទៅហើយ។ ការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋថ្អូញថ្អែរពីការលំបាកក្នុងជីវភាពរបស់ពួកគាត់ ខណៈដែលជួបបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ ប៉ះពាល់ដល់ជីវភាពទៅហើយ ថែមទាំងត្រូវចំណាយលើសាច់ជ្រូកឡើងថ្លៃ ដែលត្រូវហូបប្រចាំថ្ងៃទៀត។ ចំណែកអ្នកលក់សាច់ជ្រូកវិញ ក៏បានសំណូមពរឲ្យតម្លៃនៃការផ្គត់ផ្គង់ជ្រូកចុះថ្លៃជាងនេះ ព្រោះតម្លៃថ្លៃដូចសព្វថ្ងៃនេះ ធ្វើឲ្យអ្នកទិញមិនសូវចំណាយលុយទិញ (តម្លៃថ្លៃបានបរិមាណតិច) ធ្វើឲ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។

* ចុះបើក្រសួងកសិកម្ម ចុះបញ្ជីក្រុមហ៊ុនថៃ Jet Capital Company Limited តើអាចប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចឲ្យតម្លៃសាច់ជ្រូកត្រឡប់មកភាពប្រក្រតីវិញដែរទេ?

ការបន្ថែមក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសថៃ គឺមិនពាក់ព័ន្ធ ឬមានផលប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមនៅក្នុងស្រុកនោះទេ ផ្ទុយមកវិញរឹតតែធ្វើឲ្យការប្រកួតប្រជែងតម្លៃកាន់តែធូរថ្លៃមកដល់ក្រុមហ៊ុនកម្ពុជា ដែលបញ្ជាទិញនាំចូល នាំឲ្យតម្លៃទីផ្សារជ្រូកកម្ពុជាវិលមករកភាពប្រក្រតីឡើងវិញ។

ម្យ៉ាងវិញទៀត រឹតតែមិនប៉ះពាល់ដល់កសិដ្ឋានក្នុងស្រុក ព្រោះជាក់ស្តែងយើងត្រូវការជ្រូកបន្ថែមពីលើការផ្គត់ផ្គង់ ដោយកសិដ្ឋានក្នុងស្រុកចំនួន ៦០០០-៧,០០០ក្បាលក្នុង១ថ្ងៃ យោងតាមគោលការណ៍ ដែលរដ្ឋមន្រ្តីកសិកម្មចេញឲ្យក្រុមហ៊ុន៦-៧ក្រុមហ៊ុនក្នុងស្រុកកន្លងមក។ ក៏ប៉ុន្តែបើធ្វើដូចសព្វថ្ងៃនេះ គឺក្រសួងកសិកម្មបានកំណត់ជ្រើសរើស ក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសថៃតែ១០ទេ ហើយមានអ្នកគ្រប់គ្រងតម្លៃផ្តាច់មុខតែម្នាក់គត់ គឺជាស្រ្តីជនជាតិថៃ។ ដូច្នេះតម្លៃជ្រូកនៅថៃដែលលក់មកខ្មែរ គឺខ្ពស់ខ្លាំងណាស់ ព្រោះតម្លៃនៅលើមាត់បុគ្គល ដែលមានអំណាចឥទ្ធិពលត្រួតត្រាលើ១០ ក្រុមហ៊ុននោះ ព្រោះគាត់ជាអ្នកដាក់ក្រុមហ៊ុន១០នោះឲ្យខាងកម្ពុជាជ្រើសរើស តាមអំណាចដៃគូខាងខ្មែរជាអ្នករត់ការ។

មិនត្រឹមតែប៉ុណ្ណោះការបូកបន្ថែមតម្លៃក្បាលជ្រូក (ខាងថៃគេហៅថាលក់កូតា) ព្រោះពួកគេបានសិទ្ធិផ្គត់ផ្គង់ គឺស្មើនឹងបានកូតា អីចឹងបើក្រុមហ៊ុនដទៃណាចង់ចាប់ជ្រូកផ្គត់ផ្គង់ ឲ្យដល់ក្រុមហ៊ុនជាម៉ូយខ្លួនខាងខ្មែរ ដាច់ខាតត្រូវតែឆ្លងកាត់ការទិញកូតាពីស្ត្រីជនជាតិថៃម្នាក់នោះឯង ដែលគេលក់ក្នុងតម្លៃ ខាងថៃ១៦ដុល្លារ/ក្បាល។

តែបច្ចុប្បន្ននេះ ១០ក្រុមហ៊ុនដែលក្រសួងកសិកម្មរើសឡើង អាចផ្គត់ផ្គង់បានតែចន្លោះ ១៥០០-២៨០០ក្បាលក្នុង១ថ្ងៃតែប៉ុណ្ណោះ។ កក្តានេះសបញ្ជាក់ឲ្យឃើញថា ជ្រូកផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា មានការខ្វះខាតយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាជនជាង១០លាននាក់ ខាតបង់ថវិកាទៅលើតម្លៃសាច់ជ្រូកថ្លៃខុសប្រក្រតី ដោយសារតែការជះឥទ្ធិពល ពីការកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ខាងថៃ មានតែ១០នេះឯង។ បើមានក្រុមហ៊ុនផ្គត់ផ្គង់បើកទូលាយកាន់តែច្រើន ក្រុមហ៊ុនខ្មែរយើងទិញនាំចូលរឹតតែមានជម្រើសច្រើនតម្លៃរឹតតែល្អ៕

បទពិសោធន៍ក្រុមហ៊ុន Jet Capital នាំជ្រូកទៅវៀតណាម តាមមាត់ច្រកអូស្មាច់ ដែលមានលិខិតបញ្ជាក់សុខភាព, លិខិតចាក់វ៉ាក់សាំង និងលិខិតបញ្ជាក់ចត្តាឡីស័ក នៅកសិដ្ឋាន

ក្រុមហ៊ុនរបស់ថៃចំនួន៥៦ក្រុមហ៊ុនដែលធ្លាប់ផ្គង់ផ្គង់ជ្រូកឲ្យកម្ពុជា មុនពេលក្រសួងកំណត់រើសជាឯកតោភាគីតែចំនួន១០ក្រុមហ៊ុន

លិខិតបញ្ជាក់សុខភាពសត្វ

លិខិតចាក់វ៉ាក់សាំងលើសត្វជ្រូក (១១ចំណុច)

លិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កសត្វ នៅនឹងមាត់ច្រកព្រំដែន