(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយរកឃើញជនជាតិចិនចំនួន ២នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនចិន មានវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរបានផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញូញៀនមួយរយៈសិន មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ ដើម្បីផ្តល់លទ្ធភាពដល់មន្រ្តីសុខាភិបាលស្រាវជ្រាវរកមនុស្ស សង្ស័យបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង បានបន្ថែមថា ចំពោះជនជាតិចិន២នាក់ ដែលជំងឺកូវីដ១៩ ត្រូវមន្ត្រីសុខាភិបាល បានយកពួកគាត់មកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយកាលពីយប់មិញនេះ ហើយមន្ទីរពេទ្យ មានការយាមកាមត្រឹមត្រូវតឹងរឹង មិនមានការធ្វេសប្រហែសឡើយ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា៖ «ចំពោះក្រុមហ៊ុនចិននីមួយៗ ដែលមកវិយោគលើទឹកដីខេត្តកោះកុង យើងមានការសហការគ្នាបានល្អប្រសើរ ក្នុងនោះមន្ត្រីសុខាភិបាល បានប្រាប់ក្រុមហ៊ុនឱ្យចូលរួមសហការជាមួយ មន្ទីរសុខាភិបាល ដែលមានបុគ្គលិកមកបម្រើការងារថ្មីនេះ ដើម្បីធ្វើចក្តាឡីស័ករយៈពេល១៤ថ្ងៃ ចាំឱ្យគាត់ចូលធ្វើការងារ ហើយបើមានបញ្ហាក្នុងលក្ខណៈសង្ស័យត្រូវរាយការណ៍មកមន្ត្រីសុខាភិបាលជាបន្ទាន់ ចំពោះអ្នកគ្រប់គ្រងក្រុមហ៊ុននីមួយៗ ក៏បានយល់ព្រមចូលរួមទំនាក់ទំនង និងសាមគ្គីជាមួយអាជ្ញាធរមូលដ្ឋានអាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ចូលក្នុងសហគន៍»។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោយធ្វើតេស្តសំណាកជនជាតិចិនទាំង៣៨នាក់ ហើយវិជ្ជមាន២នាក់នោះ មន្ត្រីសុខាភិបាលនឹងធ្វើតេស្តបន្តបន្ថែមទៀតរហូតដល់តែអស់មនុស្សពីក្រុមហ៊ុន នេះជាវិធានការរបស់ក្រសួង សុខាភិបាលដើម្បីការពារកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង បានបញ្ជាក់បន្ថែមថា៖ «ក្រោយពីទទួលលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ លើជនជាតិចិន ២នាក់នោះ ក្នុងស្រុកគីរីសាគរ លោកបានពិភាក្សាជាមួយអភិបាលខេត្តកោះកុង ការពិភាក្សាបានឱ្យដឹងថា ដើម្បីការពារការរីករាលដាលឆ្លងចូលក្នុងសហគមន៍យើងត្រូវបិទក្រុមហ៊ុននោះមិនឱ្យមនុស្សចេញចូល យើងមិនបិតទាំងស្រុងស្រុកមិនឱ្យប្រជាពលរដ្ឋចេញចូលនោះទេ យើងបិតតែមនុស្សបម្រើការក្នុងក្រុមហ៊ុន មិនឱ្យចេញចូលតែប៉ុណ្ណោះ ពីព្រោះក្រុមហ៊ុននេះវានៅដាច់ឆ្ងាយពីអ្នកភូមិអ្នកស្រុក»។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងកាណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន លើវិធានការណ៍ ៣ការពារ និង៣កុំ៕