(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ បានអនុម័តទាំងស្រុងហើយ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
វិធានសរសេរដែលនឹងក្លាយជាបទដ្ឋានមានលក្ខណៈទូទៅ អចិន្ត្រៃយ៍ និងចាប់បង្ខំខាងលើនេះ ត្រូវបានបង្កើតឡើងស្របពេលកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទរីករាលដាលជំងឺកូវីដ-១៩ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់មាន បើប្រៀបធៀបនឹងព្រឹត្តិការណ៍សហគមន៍មុនៗ។
ចំពោះការបង្កើតច្បាប់ថ្មី ដែលនឹងឈានដល់មានការដាក់ទោសទណ្ឌផងនោះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបង្ហាញឆន្ទៈគាំទ្រយ៉ាងខ្លាំង។ តាមរយៈ Facebook ផ្លូវការ, លោក ហ៊ុន ម៉ានី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកប្រើប្រាស់ត្រឹមអនុក្រឹត្យ និងលិខិតរដ្ឋបាលផ្សេងៗទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានយ៉ាងល្អប្រសើរទាំងក្នុងព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ទោះជាយ៉ាងនេះក្តី តំណាងរាស្ត្ររូបនេះ អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺជាឧទាហរណ៍មួយ ដែលពិបាកគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានលក្ខណៈរីករាលដាលធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនបំពានវិធានការរាជរដ្ឋាភិបាល។ លោកថ្លែងថា មានតែការបង្កើតច្បាប់ទេ ទើបជាយន្តការល្អ ដើម្បីជួយសម្រួលដល់ការបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩ ឬជំងឺឆ្លងកាចសាហាវផ្សេងៗទៀត។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលកន្លងមក ពេលសភាពការណ៍តម្រូវម្តងៗ រាជរដ្ឋាភិបាលបានអនុវត្តវិធានការគ្រប់គ្រងដោយត្រឹមត្រូវ ហ្មត់ចត់ រហូតជោគជ័យក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ហើយនៅពេលស្ថានភាពអាចគ្រប់គ្រងបាន វិធានការនានាមិនត្រូវបានរឹតបន្តឹងខ្លាំងពេកដើម្បីធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងន័យនេះហើយ ដែលស្ថានភាពពេលនេះ ចំពោះព្រឹត្តិការណ៍ ២០កុម្ភៈ គឺស្ថានភាពចាំបាច់តម្រូវឲ្យមានវិធានការកាន់តែហ្មត់ចត់»។
លោកបន្តថា «កន្លងមក យើងសង្កេតឃើញមានការមិនគោរពវិធានការ មានជាអាទិ៍ ការគេចពីមណ្ឌលចត្តាឡីស័ក ការនាំមនុស្សគេចពីចត្តាឡីស័ក ក៏ដូចជាការមិនអនុវត្តតាមមន្រ្តីសុខាភិបាលជាដើម។ ច្បាប់នេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលមានឧបករណ៍អាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដោយក្នុងនោះ យើងដឹងច្បាស់ថា ការមិនគោរពវិធានការសុខាភិបាល ណាមួយរបស់ អ្នកមានជំងឺកូវីដ-១៩ អាចនឹងបង្កហានិភ័យដ៏ធំដល់សហគមន៍។ អាចនិយាយដោយសាមញ្ញថា បើដោយសារមនុស្សម្នាក់មិនស្តាប់ និងគោរពវិធានការសុខាភិបាល ដោយខ្លួនឯងដឹងថាអាចមានផ្ទុកវីរុសកូវីដ-១៩ ហើយទៅចម្លងគេតើយើងគួរគិតពីមនុស្សម្នាក់ ឬមនុស្សច្រើននាក់?»។
លោក ហ៊ុន ម៉ានី ថែមទាំងរំលឹកផងដែរថា រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ សមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ តាំងពីខែមករា ឆ្នាំ២០២០ ដល់ពេលនេះ ដែលយើងត្រូវតែឲ្យតម្លៃ និងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបន្តចូលរួមសហការ និងអនុវត្តវិធានការរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល ដែលនេះជាកត្តាកំណត់យ៉ាងសំខាន់នៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន ៦ជំពូក និង១៨មាត្រា ដែលនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។ បើតាមការប្រកាសរបស់រដ្ឋសភា, ច្បាប់នេះបង្កើតឡើងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះ រាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ថ្មី ដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕