(សៀមរាប)៖ ទំនប់ព្រែកស្រមោច ឬហៅថា «ផ្លូវសំពៅ» ដែលជាព្រែកជីកបុរាណមួយមានប្រភពចេញពីជើងភ្នំគូលែនរហូតដល់បឹងទន្លេសាប ត្រូវបានប្រជាពលរដ្ឋមួយចំនួននៅស្រុកសូទ្រនិគមនាំគ្នាជីកកកាយយកអាចម៍ដីទៅធ្វើសិប្បកម្មឡឥដ្ឋ-ក្បឿង ដែលនាំឱ្យប៉ះពាល់ខូចខាតដល់ស្លាកស្នាមប្រវត្តិសាស្ត្របុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលបន្សល់ទុកពីដូនតាសម័យអង្គរ។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម រួមគ្នាចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខាងលើ ឱ្យបញ្ឈប់ការជីកកាយយកអាចម៍ដីពីទំនប់ព្រែកជីកបុរាណនេះ ដើម្បីថែរក្សាអភិរក្សកេរដំណែលសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងតំបន់អង្គរតទៅមុខទៀត។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមពីលោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី និងមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
កិច្ចប្រជុំបានប្រព្រឹតទៅនៅសាលាឃុំដានរុន ស្រុកសូទ្រនិគម ក្នុងគោលបំណងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ដែលមានរោងសិប្បកម្មឡឥដ្ឋ-ក្បឿងនៅលើខ្នងទំនប់ព្រែកស្រមោច ឬផ្លូវសំពៅ ដើម្បីសុំកុំឲ្យមានការជីកកាយយកអាចម៍ដីពីខ្នងទំនប់បន្តទៀត។
លោក គឹម សុធិន លើកឡើងថា ដើម្បីចូលរួមថែរក្សាកេរដំណែលរបស់ដូនតា ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ សិប្បករផលិតឥដ្ឋ-ក្បឿងអាចប្រើប្រាស់ទីតាំងរបស់ខ្លួនដូចដើម ប៉ុន្តែត្រូវយកអាចម៍ដីពីកន្លែងផ្សេងមកធ្វើ ជៀសវាងបង្កការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោកក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថា ទំនប់ព្រែកស្រមោច ឬហៅថាផ្លូវសំពៅនេះមានប្រភពពីជើងភ្នំគូលែនរហូតដល់បឹងទន្លេសាប។ ថ្វីដ្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំក៏ពិតមែន ប៉ុន្តែផ្នែកខាងក្រោមក៏នៅមានដានច្បាស់ និងមានទឹកប្រើប្រាស់នៅក្នុងព្រែកបាននៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពដំណាំកសិកម្ម ដើរតួជាផ្លូវដឹកជញ្ជួនថ្មពីភ្នំគូលែនមកតំបន់អង្គរ និងបម្រើដល់ការធ្វើជំនួញនាសម័យបុរាណផងដែរ៕