(សៀមរាប)៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ក្នុងពេលប៉ុន្មានថ្ងៃនេះ បាននិងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើ ដែលបង្កហានិភ័យខ្ពស់ក្នុងបរិវេណវត្តទេពប្រណម្យ និងក្រុមប្រាសាទព្រះពិធូរនៃក្រុងអង្គរធំ។
ការងារនេះ ធ្វើឡើងដើម្បីធានាសុវត្តិភាពជូនពុទ្ធបរិស័ទ និងព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលដល់តួដើម បង្ការកុំឲ្យបាក់ដួលរលំខូចខាតដល់សាលាឆាន់ កុដិ និងយានយន្តគ្រប់ប្រភេទ ព្រមទាំងបង្កឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ។
លើសពីនេះ ការចុះកាត់ក្រី និងដកហូតដើមឈើទាំងនោះ ក្នុងបំណងសម្រួលកិច្ចការអភិរក្ស និងជួសជុលប្រាសាទផងដែរ។
ដើមឈើដែលបាននិងកំពុងកាត់ដកហូតមានចំនួន ៥ ដើម រួមមាន ដើមអង្កោល ១ ដើម ដូនកាយ ២ ដើម ស្ពង់ ១ ដើម និងឈើយាង ១ ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតមកលើសាលាឆាន់ និងកុដិ ដួលមួយផ្នែកចំពីមុខប្រាសាទ ដុះជាប់ខឿនប្រាសាទផ្នែកខាងត្បូង មានជំងឺពុកគល់ ប្រព័ន្ធឬសខ្សោយចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទ។
ចំណែកឯដើមឈើដែលកំពុងកាត់ក្រីមែកមានចំនួន ៥ ដើម រួមមាន ដើមឈើយាង ២ ដើម ស្ពង់ ២ ដើម និងចាមរី ១ ដើម ដុះជាប់ផ្លូវចូលវត្ត និងដុះជាប់ខឿនប្រាសាទផ្នែកខាងជើងឈៀងខាងលិច មានមែកសាខាច្រើនគ្របពីលើប្រាសាទ៕