(ភ្នំពេញ)៖ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន IQI Cambodia Co., Ltd បានឲ្យដឹងថា រយៈពេលជាងមួយមកឆ្នាំនេះ ពិភពលោកបាននិងកំពុងប្រឈមបញ្ហា នៃការរីករាលដាលនៃជំងឺកូវីដ១៩ ងាកត្រឡប់មកមើលនៅកម្ពុជា បញ្ហានៃកូវីដ១៩នេះ ផ្ដល់ផលប៉ះពាល់ជាច្រើន ប៉ុន្ដែចំពោះវិស័យពុះដីឡូតិ៍ នៅជុំវិញក្រុងភ្នំពេញ មិនមានការថយចុះប៉ុន្មាននោះទេ ថយដែរប៉ុន្ដែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ថ្លែងប្រាប់អង្គភាព Fresh News លោក ម៉ាន់ ច័ន្ទី បានថ្លែងថា «ការទិញ-លក់ដីឡូតិ៍ នៅជុំវិញទីក្រុងភ្នំពេញមិនថយចុះប៉ុន្មានទេ លើកលែងតែគម្រោងដីឡូតិ៍ តាមបណ្ដាលខេត្ត-ក្រុង មួយចំនួនប៉ុណ្ណោះ»។
លោកបានថ្លែងថា ការពុះដីឡូតិ៍លក់តាមបណ្ដាលខេត្ត មានការថយចុះច្រើន ដោយសារតែទីតាំងល្អៗត្រូវបានទិញ-លក់អស់ នៅសល់តែទីតាំងមិនសូវល្អមិនមានអ្នកបញ្ជាទិញ ទើបធ្វើឲ្យកាន់តែថមថយ។
លោកបានបញ្ជាក់ថា «សម្រាប់តម្លៃដីឡូតិ៍បច្ចុប្បន្ននេះ តម្លៃមានតាមកន្លែងនីមួយៗ ដែលមានចន្លោះចាប់ពី៦,៥០០ដុល្លា រហូតដល់៦០-៧០ម៉ឺនដុល្លា អាស្រ័យលើទីតាំង, ទំហំរបស់ដីជាដើម។ ជាក់ស្តែងតំបន់សែនសុខ អ្នកពុះឡូតិ៍លក់ ក្នុងទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ លក់បានតម្លៃដល់ទៅ៤៩ម៉ឺនដុល្លា ចំណែកដីឡូតិ៍ទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ នៅក្រាំងធ្នង់ចន្លោះពី៤-៧ម៉ឺនដុល្លា ហើយចំណែកតម្លៃតំបន់ផ្លូវ៥១ ក្នុងខេត្តកំពង់ស្ពឺលក់បានក្នុងតម្លៃ៦,៥០០ដុល្លា»។
លោក សន សៀប សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា ក៏បានថ្លែងឲ្យដឹងថា សកម្មភាពទិញលក់អចលនទ្រព្យហាក់ថមថយ ប៉ុន្ដែចំពោះវិស័យដីធ្លីតាមការវាយតម្លៃនៅភ្នំពេញមានតំបន់៥ មានស្ថេរភាពល្អ និងមានកំណើន០.៥ភាគរយ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានបន្ដថា ចំពោះខេត្តសៀមរាប តម្លៃដីធ្លីថមថយ-៥ភាគរយ ដោយសារតែការប៉ះពាល់លើវិស័យទេសចរណ៍ ចំណែកខេត្តព្រះសីហនុថមថយរហូតដល់-១០ភាគរយ ដោយសារតែការវិនិយោគមួយចំនួនត្រូវបានរាំងស្ទះ៕