(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានចាក់សាំងកូវីដ-១៩ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួច សម្តេច ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលខិតខំកៀរគរមូលនិធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
តាមរយៈ Facebook ផ្លូវការ, សម្តេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយាបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
សម្តេចបន្តថា «ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ»។
ជាមួយគ្នានេះ សម្តេច ហេង សំរិន ក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ ដូស ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសម្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
សម្តេច ហេង សំរិន ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។
សម្តេចបញ្ជាក់បន្ថែមថា «ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។ សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទំាងអស់គ្នា»។
សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២ប្រភេទ គឺស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន និងអាស្ត្រាហ្សេណេកា ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (COVAX)។ វ៉ាក់សាំងអាស្ត្រាហ្សេណេកា ត្រូវបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
សម្រាប់វ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក៏បានផ្តល់ដល់កម្ពុជាចំនួន ១លានដូសផងដែរ។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ៤០ម៉ឺនទៀតនឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ៕