(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា រកចំណូលសរុប បានជាង៣៨៧លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩ សរុបចំនួនជាង៣៥១លានដុល្លារ កើនឡើងជាង១០%, ចំណេញបានជាង១៤១លានដុល្លារ នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ធនាគារ អេស៊ីលីដា។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន៣៨៧,៦១០,២៣៤ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ៣៥១,០៨៥,២៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើងជាង១០ភាគរយ។
របាយការណ៍បានបន្ថែមទៀតថា ចំពោះប្រាក់ចំណេញវិញ នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ចំណេញបានចំនួន ១៤១,៤៩២,៥៩០ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ១២០,៨៥៩,៨១២ដុល្លារសហរដ្ឋអាមេរិក កើនឡើង១៧ភាគរយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ចំនួន៦,៥៥១,៤៩៣,៩៨៨ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន៦,១៧៥,១៦១,៧៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើង០,៦០ភាគរយ។
ការកើនឡើងនៃប្រាក់ចំណូល និងប្រាក់ចំណេញរបស់អេស៉ីលីដានេះ សបញ្ជាក់ថានៅឆ្នាំ២០២០ ទោះបីសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏ធនាគារនេះនៅទទួលបានការរីកចម្រើនផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារនេះធ្លាប់បានបញ្ជាក់ថា ចំណូលរបស់អេស៉ីលីដាមិនប៉ះពាល់ដោយកូវីដ១៩ ដោយសារតែអតិថិជនរបស់អេស៊ីលីដា គឺជាសហគ្រាសធុនតូច ដែលការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា។
នាពេលថ្មីៗនេះ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានប្រកាសផងដែរថា នៅក្នុងឆ្នាំ២០២១នេះ អេស៊ីលីដា បានត្រៀមមូលនិធិជិត៦០០លានដុល្លារអាមេរិក សម្រាប់យកទៅគាំទ្រ លើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងប្រទេសកម្ពុជា៕