(បាងកក)៖ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចជាតិ ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២០ បើទោះបីជារងសម្ពាធពីវិបត្តិជំងឺកូវីដ១៩ ដែលបានកំពុងរាតត្បាតទូទាំងសាកលលោក ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រោមការដឹកនាំរបស់លោក អ៊ូក សោភ័ណ ជាឯកអគ្គរាជទូត បានធ្វើសកម្មភាពជាច្រើន ដោយសម្រេចបានលទ្ធផលធំៗគួរជាទីមោទនៈសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
លទ្ធផលធំៗទាំងនោះរួមមាន៖
១៖ ការងារទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្ម៖
ស្ថានទូតបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនសាជីវកម្មធំៗដូចជា BJC (ប្រតិបត្តិករផ្សារទំនើប BigC), CP ALL (ប្រតិបត្តិករហាងលក់ទំនិញរាយ 7-Eleven), KTIS Group (ប្រតិបត្តិកររោងចក្រស្ករសធំជាងគេលើពិភពលោក) Betagro Group (ប្រតិបត្តិកររោងចក្រអាហារកែច្នៃធំទី២ បន្ទាប់ពីក្រុមហ៊ុន CP) និងP.P.J. Engineering (ប្រតិបត្តិកររោងចក្រម៉ាស៊ីនត្រជាក់ធំជាងគេ) ព្រមទាំងក្រុមហ៊ុនជាច្រើនទៀត ដើម្បីស្វែងយល់ពីប្រតិបត្តិការធុរកិច្ចទូទៅ និងផ្សព្វផ្សាយគោលនយោបាយវិនិយោគ កាលានុវត្តភាពធុរកិច្ច ព្រមទាំងសក្តានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនសុទ្ធតែបានសន្យាពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់។
២៖ ការងារទទួលភ្ញៀវ និងផ្តល់ប្រឹក្សាជូនធុរជន៖
ស្ថានទូតបានទទួលជួបពិភាក្សា និងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកធុរកិច្ចឥតគិតថ្លៃ ជូនប្រតិភូធុរជនថៃ និងបរទេស ដោយក្នុងនោះបានជម្រាបជូនពីកំណើនសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពធុរកិច្ច គោលនយោបាយវិនិយោគ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនមិនត្រឹមតែកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ប៉ុន្តែសម្តែងការពេញចិត្តចំពោះទីផ្សាររបស់កម្ពុជា ព្រមទាំងកម្មវវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
៣៖ ការងារផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍៖
ស្ថានទូតបានសហការរៀបចំពិព័រណ៌វប្បធម៌ និងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយពី អារ្យធម៌ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងមុខម្ហូបខ្មែរ ដែលមានឱជារសឈ្ងុយឆ្ងាញ់ ដល់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស ព្រមទាំងបានផ្តួចផ្តើមបង្កើតគម្រោង «កញ្ចប់វិសម្សកាលទេសចរណ៍» ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរពីប្រទេសថៃ ទៅកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជាថែមទៀត សំដៅជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល។
លើសពីនេះ ស្ថានទូតបានផ្តល់បទសម្ភាសន៍ ដល់ក្រុមហ៊ុនទស្សនាវដ្តី និងសារព័ត៌មានអន្តរជាតិធំៗសរុបចំនួន ១៨លើក ស្តីពីវឌ្ឍនភាព និងសក្តានុពលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកាត់ត និងកែសម្រួលឃ្លីបវីដេអូខ្លីៗ ស្តីពីវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍សរុបចំនួន ២៣ ដើម្បីផ្សព្វផ្សាយលើទំព័របណ្តាញសង្គមរបស់ស្ថានទូតថែមទៀត។ ជាលទ្ធផល ប្រជាជនថៃ និងភ្ញៀវទេសបរទេសជាច្រើន បានកោតសរសើរចំពោះមរតកវប្បធម៌ កេរដំណែលប្រាសាទបុរាណ និងតំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានបំណងចូលមកទស្សនាកម្សាន្ត នាពេលអនាគត។
៤៖ ការចូលរួមកិច្ចប្រជុំផ្លូវការណ៍ និងកម្មវិធីនានា៖
ក្រៅពីភារកិច្ចចម្បងទាំងបីខាងលើ ស្ថានទូតតែងបានចូលរួមកិច្ចប្រជុំផ្លូវការណ៍ និងកម្មវិធីផ្សេងៗ តបតាមការអញ្ជើញរបស់ស្ថាប័នរដ្ឋថៃ និងក្រុមហ៊ុនឯកជននានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅទាញយកឧត្តមប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា ព្រមទាំងចូលរួមលើកស្ទួយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ៕
សូមអញ្ជើញទស្សនាកម្រងរូបភាពអមដោយខ្លឹមសារខ្លីៗ ស្តីពីសមិទ្ធផលការងារឆ្នាំ២០២០ របស់ស្ថានទូតកម្ពុជា ក្នុងការចូលរួមអនុវត្តការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដូចខាងក្រោម៖