(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍។
ក្រសួងបានបញ្ជាក់ថា ដើម្បីរៀបចំវិស័យទូរគមនាគមន៍ឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាត់វិធានការលើប្រតិបត្តិករទូរគមនាគមន៍ ដែលមិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងក្រុមហ៊ុនដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ជាបន្តបន្ទាប់។ បន្ថែមពីនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សូមអំពាវនាវ ដូចខាងក្រោម៖
* ប្រតិបត្តិករទូរគមនាគមន៍មិនត្រូវសហការនិងលក់ដុំសេវាអ៊ីនធឺណិតដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណដើម្បីចែកចាយសេវាអ៊ីនធឺណិតបន្តដល់អតិថិជនចុងក្រោយ
* សាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់សេវាអ៊ីនធឺណិតដែលផ្តល់ដោយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ។
ដើម្បីទទួលបានព័ត៌មានច្បាស់ថា ប្រតិបត្តិករទូរគមនាគមន៍ដែលជាដៃគូ ធ្វើអាជីវកម្មស្របច្បាប់ សូមប្រតិបត្តិករនិងសាធារណជនទាំងអស់ ពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីបច្ចុប្បន្នភាពឈ្មោះប្រតិបត្តិករដែលមានអាជ្ញាបណ្ណ តាមរយៈគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានអាសយដ្ឋាន www.trc.gov.kh។
ក្នុងករណី ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនមានព័ត៌មានអំពីក្រុមហ៊ុន ធ្វើអាជីវកម្មផ្តល់សេវាអ៊ីនធឺណិតខុសច្បាប់ សូមមេត្តាផ្តល់ព័ត៌មានមកនិយ័តករ ទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ០១២ ៧៣៣ ៣៥០ ឬ ០១៧ ៥០៥ ១៩១។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងករណីរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍នៅតែបន្តសហការ និងផ្តល់សេវាលក់ដុំដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ៕