(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគ្រោងនឹងរៀបចំ នៅខែមិថុនានោះ ត្រូវបានលើកពេលជាលើកទី២ ដោយប្តូរកាលបរិច្ឆេទទៅរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដែលបណ្តាញព័ត៌មាន Fresh News។
ការសម្រេចនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប និងមានការចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ»។
សេចក្តីប្រាកសបានបន្ថែមថា លើសពីនេះ ការលើកពេលនេះ គឺមិនគ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថាអន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។
ទោះជាយ៉ាងនេះក្តី ឧត្តមមន្ត្រីអាស៉ី-អឺរ៉ុប បានសម្ដែងការសាទរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្ត ក៏ដូចជាបន្តរក្សាវឌ្ឍនភាពនៃដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតជុំវិញពិភពលោកយ៉ាងណាក៏ដោយ។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង ៣០ ប្រទេស និងអាស៊ីចំនួន ២១ ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១។
កម្ពុជាបានផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍ជាថ្មីម្តងទៀត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញករណីឆ្លងយ៉ាងគំហុក ដោយមិនដឹងអំពីប្រភពចម្លងច្បាស់លាស់។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤០២នាក់ ភាគច្រើនជាជនជាតិបរទេស៕