(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី១ លើការងារបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ ស្របផែនការ ទិសដៅការងារ ប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ វគ្គបំប៉នជំនាញ លើកទី១ នេះធ្វើឡើងក្រោយទទួលបានការផ្តល់រថយន្តពន្លត់អគ្គីភ័យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ដើម្បីបង្កើនសមត្ថភាព ចំណេះជំនាញក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងឧបទ្ទវហេតុអគ្គីភ័យលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជរការ កងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញលោកវរសេនីយ៍ឯក សេក ហេង នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ មកធ្វើជាគ្រូឧទ្ទេសនាមដល់សិក្ខាកាមនៃកងរាជអាវុធហត្ថ ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ លើកទី១នេះ។
ជាក់ស្តែងសិក្ខាបានទទួលការឣនុវត្តជាក់ស្តែង លើបច្ចេកទេសបញ្ជារថយន្តពន្លត់ឣគ្គីភ័យ របៀបរបបលើការតបណ្តាញឧបករណ៍បាញ់ពន្លត់ និងប្រើប្រាស់លើបំពង់ពន្លត់ ក្រោមការបង្ហាត់បង្ហាញដោយលោកវរសេនីយ៍ត្រី ឈួង សុវណ្ណារ៉ា និងលោកវរសេនីយ៍ត្រី អ៊ុង នីន ការិយាល័យជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក សេក ហេង នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះលោកពិតជាកិត្តិយសដែលបានធ្វើបទបង្ហាញ និងមានមោទនភាព ដែលបានឃើញកម្លាំងកងរាជអាវុធហត្ថមានរថយន្ត ព្រមទាំងកម្លាំងពន្លត់អគ្គីភ័យដ៏ជំនាញ ដែលអាចសហការគ្នាជាមួយកក្នុងយុទ្ធនាការបង្ការពន្លត់អគ្គីភ័យ របស់នគរបាលខេត្តទៅថ្ងៃអនាគត។
នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យបានបន្ថែមថា នេះជាផ្នែកមួយដែលមិនអាចខ្វះបាននៃអង្គភាពរដ្ឋមួយ ដែលទាមទាឲ្យមានរថយន្តពន្លត់អគ្គីភ័យប្រចាំនៅអង្គភាពរបស់ខ្លួន ដូចជាអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីត្រៀមការងារ បង្ការពន្លត់អគ្គីភ័យ ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យជាយថាហេតុ៕