(ស្វាយរៀង)៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុករមាសហែក ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចូលលួចលុយលើកុដិព្រះសង្ឃ ក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក កាលពីវេលាម៉ោង ១១៖០០នាទី ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆាន់ចង្ហាន់ត្រង់ មានជនសង្ស័យ ២នាក់ បានឡើងទៅលើកុដិលួចលុយអស់ ២៨៧,០០០រៀល។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និង ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889។
ពួកគេបានធ្វើ សកម្មភាពឡើងទៅលើកុដិ រួចហើយលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីទទួលដំណឹងពីព្រះសង្ឃគង់នៅវត្តកំពង់ត្រាចថាមានចោរ ២ នាក់ ចូលលួចលុយក្នុងកុដិ អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង ២ នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕