(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើពិធីបើកការដ្ឋានស្ថាបនា ស្ថានីយបូមទឹកទូលគោកទី១ ត្រឡោកបែក ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយ៍បូមទឹកថ្មីនេះ សាងសង់អគារក្នុងទំហំ១៧.៥ម៉ែត្រគុណ១៣ម៉ែត្របំពាក់មូទ័រចំនួន ៥គ្រឿង ក្នុងនោះទំហំ ០.៦ម៉ែត្រចំនួន ៣គ្រឿង និងទំហំ០.៥ម៉ែត្រចំនួន២គ្រឿង មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី ឬត្រូវជា ១៨.០០០ម៉ែត្រគូប ក្នុង១ម៉ោង គឺកើនជិត៤ដងធៀប សមត្ថភាពបូមទឹកបច្ចុប្បន្ន។
លោបន្តថា គម្រោងនេះនឹងដោះស្រាយបញ្ហាទឹកលិច លើតំបន់ផ្ទៃរងទឹកភ្លៀង១៨៤ហិកតា ជាពិសេសដោះស្រាយបញ្ហាទីតាំងដែល តែងតែលិចលង់ដូចជា ផ្លូវលេខ៥៩២ សាលាឥន្ទ្រទេវី ផ្លូវលេខ៣១៥ ផ្សារមាន់អាំង ផ្លូវលេខ៦០៦ ផ្លូវលេខ៦០៨ វិថីសម្តេច ប៉ែន នុត។ ស្ថានីយនេះ មានកម្លាំងបូមរំដោះទឹកចេញ ពីក្នុងក្រុងមានកម្លាំងខ្លាំងជាមុន៤ដង។
លោកប្រធានមន្ទីរបញ្ជាក់ទៀតថា មកដល់ពេលនេះយើង បាននឹងកំពុងកសាងស្ថានីយបូមទឹកចំនួន៣កន្លែង ក្នុងនោះរួមមានស្ថានីយបូមទឹកទូលគោកទី១ ស្ថានីយបូមទឹកទូលគោកទី២ និងស្ថានីយបូមទឹកបឹងត្របែក។ ស្ថានីយបូមទឹក៣កន្លែងនេះ ក្រោយការស្ថាបនារួចនឹងអាចរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង បានចេញពីខណ្ឌទួលគោក ៧មករា ដូនពេញ និងខណ្ឌចំការមនបានប្រមាណ៦០%។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញការស្ថាបនាស្ថានីយទាំងនេះឲ្យបានលឿន ដើម្បី អាចបូមរំដោះទឹកឲ្យបានទាន់នៅក្នុងរដូវវស្សានេះ៕