(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទការចេញចូលខេត្តមួយនេះ រហូតមានការជូនដំណឹងថ្មី លើកលែងរថយន្ដដឹកទំនិញ តែមនុស្សក្នុងរថយន្ដ កំណត់ត្រឹមតែ២នាក់ប៉ុណ្ណោះ ដោយមានតៃកុងម្នាក់ និងព្រូឡានម្នាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដល់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
*ផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភេទចេញ-ចូលខេត្តព្រះសីហនុ មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាលបន្ថែមទៀត ទៅដល់ទីតាំងដទៃនាំឲ្យមានការពិបាកក្នុងការគ្រប់គ្រង។
*ចំពោះរថយន្តដឹកជញ្ជូនទំនិញ នៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺអ្នកបើកបរ និងជំនួយការអ្នកបើកបរ (ហួរថយន្ត)។
*ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មករាជធានី-ខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំយ៉ាងជាថ្មី ដើម្បីឲ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជា មណ្ឌលចត្តាឡីស័កឲ្យបានចប់សព្វគ្រប់សិន។
*សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករ ក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនរួមមាន៖ ៣ការពារ គឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។
ដូចនេះសូមប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំគ្នានៅតាមទីសាធារណៈ ទីប្រជុំជននានា និងពិធីផ្សេងៗ។ ក្នុងករណីចាំបាច់ត្រូវចេញក្រៅផ្ទះត្រូវពាក់ម៉ាសជាប់ជានិច្ច។ បើមានករណីសង្ស័យពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ ត្រូវផ្តល់ព័ត៌មានមករដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ៖ 012 794 896 (ភាសាខ្មែ) 011 546 667 (ភាសាចិន) 012 789 222 (ភាសាអង់គ្លេស)៕