(បាត់ដំបង)៖ សំណង់ទំនប់ស្ទាក់ទឹក១កន្លែងដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបើកការដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពីលោករដ្ឋមន្រ្តី លឹម គានហោ តាមសំណើររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កន្លងមក ត្រូវបានអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក បានរៀបចំបើកការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកនេះនាព្រឹកថ្ងៃទី៤ ខែមីនា
ឆ្នាំ២០២១ ក្រោមអធិបតីលោក ងួន រតន: អភិបាលខេត្ត។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត តំណាងក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ស្ថិតនៅភូមិ
ម្នាស់កាល ឃុំអូរដា និងភូមិកំពុងចម្លងក្រោម ឃុំចក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ងួន រតនៈ បានឱ្យដឹងថា គម្រោងមួយនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងឧតុនិយមដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានក្តីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង ហើយក៏លើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះឡើង នៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែណែនាំចង្អុលបង្ហាញនឹងតម្រង់ទិសដល់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។
លោក ងួន រតនៈ បន្តទៀតថា ចំពោះខេត្តបាត់ដំបង នៅក្នុងអាណត្តិទី៦ នេះមិនមែនមានតែទំនប់ស្ទាក់ទឹកមួយនេះប៉ុណ្ណោះទេ គឺមានទំនប់ស្ទាក់ជាច្រើនទៀត ដែលយើងបានសាងសង់រួច និងកំពុងសាងសង់រួមមាន ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ស្រុករតនមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ដោយបានធ្វើសាងសង់ចប់ជាស្ថាពរ ដោយឡែក ទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់រួមមានទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលយើងកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។
សូមជម្រាជូនថា គម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកមុនគេបង្អស់ ដែលគ្រោងនឹងសាងសាង់បញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ ដែលអាចស្រោចស្រពលើផ្ទៃដីស្រែជូនប្រជាពលរដ្ឋបានប្រមាណជាង ២,០០០ហិកតាផងដែរ៕