(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាស នៅក្នុងការលុបបំបាត់ជំងឺ COVID-19 ចេញពីប្រទេសកម្ពុជានោះទេ ពោលការអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» ទើបអាចជួយកម្ពុជា យកឈ្នះជំងឺ COVID-19 បាន។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះនៅក្នុងសន្និសីទសាព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា បានទទួលការចាក់ វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌល COVAX នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់ទេ ប៉ុន្តែវ៉ាក់សាំងគឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្រ្ត គឺជាគន្លឹះទីមួយ រួមជាមួយវិធានអនុវត្តន៍វិធានការសុខាភិបាល ដែលយើងបានដាក់ចេញដូចជា៣ការពារ និង៣កុំជាដើម។ ការពង្រឹងការត្រួតពិនិត្យច្រកចេញចូលព្រំដែន ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាល ទៅក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 ដើម្បីឈានទៅសម្រេចជោគជ័យជាមួយការប្រយុទ្ធប្រឆាំងជាមួយនិងជំងឺនេះ»។
វិធានការ «៣កុំ និង៣ការពារ» ត្រូវបានសម្ដេចប្រកាសឲ្យប្រជាពលរដ្ឋអនុវត្តន៍នាពេលកន្លងមក រួមមាន៖ ៣កុំ គឺកុំជួបជុំគ្នា កុំនៅក្នុងបន្ទប់បិទជិតហើយប្រើម៉ាស៊ីនត្រជាក់រួម និងកុំចាប់ដៃគ្នា កៀកកើយ ឱបថើបគ្នាជាដើម។ ចំណែកឯវិធានការ ៣ការពារគឺ ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬជែល និងរក្សាគម្លាតសង្គម។
គួរជម្រាបផងដែរថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌល COVAX បានមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួនសរុបចំនួន ៣២,៤០០០ដូស។ ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលទទួលបានវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌល COVAX។
ក្រៅទទួលជំនួយពីវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (WHO) ប្រទេសកម្ពុជាក៏ទទួលបានជំនួយវ៉ាក់សាំងប្រភេទ Sinopharm ដែលជារបស់រដ្ឋាភិបាលចិនចំនួន១លានដូសផងដែរ។ បន្ថែមពីនេះក៏មានប្រទេសជាមិត្តមួយ ចំនួនទៀត បានផ្ដល់ជាជំនួយថវិកា សម្រាប់ប្រើប្រាស់ក្នុងការទិញវ៉ាក់សាំងប្រឆាំង COVID-19 ដល់រដ្ឋាភិបាលកម្ពុជាថែមទៀតផង៕